លោក ហ្សេលេនស្គី រំពឹងថានឹងបានជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែនក្នុងពេល ២ខែនេះ

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងអំពីការរំពឹងទុកថា កញ្ចប់ជំនួយយោធារបស់លោកខាងលិចថ្មីៗបន្ថែមទៀតសម្រាប់អ៊ុយក្រែន នឹងត្រូវបានចុះហត្ថលេខានៅក្នុងខែនេះ និងខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថាតាមវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងកំពុងរៀបចំកិច្ចព្រមព្រៀងថ្មីជាមួយដៃគូ និងជាកិច្ចព្រមព្រៀងទ្វេភាគីដ៏រឹងមាំ។ គួរតែអាចមានលទ្ធផលដែលត្រូវរ៉ូវគ្នានៅក្នុងខែមករា និងកុម្ភៈ។ មានកាលបរិច្ឆេទជាក់លាក់រួចហើយនៅក្នុងឯកសារកិច្ចព្រមព្រៀងថ្មីដែលត្រូវបានគេរំពឹងទុក»

កាលពីដើមខែមករានេះ ចក្រភពអង់គ្លេស បានប្រកាសថានឹងបង្កើនការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៤ ឲ្យដល់ចំនួន ២.៥ពាន់លានផោន ឬស្មើនឹង ៣.១៩ពាន់លានដុល្លារ។ ចំណែក ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បាននិយាយថានឹងធ្វើដំណើរទៅអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងធានាសន្តិសុខទ្វេភាគី ដែលទីក្រុងប៉ារីសនឹងផ្តល់សព្វាវុធទំនើបបន្ថែមទៀត រួមទាំងមីស៉ីលរយៈចម្ងាយឆ្ងាយ។

គួរបញ្ជាក់ថា ក្រោយរុស្ស៉ីបើកការវាយលុកពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ សម្ព័ន្ធមិត្តលោកខាងលិចបានរួមគ្នាផ្តល់ជំនួយយោធាក្នុងទំហំដែលមិនធ្លាប់មានសម្រាប់ទីក្រុងកៀវ។ ប៉ុន្តែនៅខណៈដែលសង្រ្គាមអូសបន្លាយចូលដល់ឆ្នាំទី ៣ ហើយមានការផ្លាស់ប្តូរតិចតួចនៅតាមសមរភូមិជួរមុខរយៈពេល ១២ខែកន្លងមក និងការប្រឆាំងកាន់តែខ្លាំងឡើងជុំវិញការផ្តល់ជំនួយនៅក្នុងសហរដ្ឋអាមេរិក នាំឲ្យការផ្តល់មូលនិធិ និងសម្ភារយោធាមានភាពយឺតយាវក្នុងប៉ុន្មានខែចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds