ក្រោយមានកម្មករស្លាប់ដោយសារអគ្គិភ័យ ក្រសួងការងារបានប្រកាសឱ្យនៅតាមរោងចក្រពង្រឹងវិធានការបង្ការ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីណែនាំថ្មីមួយប្រកាសទៅដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស និងគ្រឹះស្ថាន។ ការចេញសេចក្ដីណែនាំរបស់ក្រសួង ក្រោយពីកើតមានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមីសម្រាប់បោកគក់ ក្នុងរោងចក្រមួយកន្លែងស្ថិតនៅខេត្តកណ្ដាល រហូតបណ្ដាលឱ្យមានកម្មករម្នាក់ស្លាប់ និងជាច្រើននាក់រងរបួសកាលពីថ្ងៃទី១៨មករាកន្លងទៅ។

ចំពោះវិធានការសំខាន់ៗដែលក្រសួងការងារ និងបណ្ដុះបណ្ដាលបានណែនាំឱ្យម្ចាស់សហគ្រាស និងគ្រឹះស្ថានអនុវត្តរួមមានដូចជា៖

ទី១.ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្ដាញផ្គត់ផ្គង់ចរន្តអគ្គិសនី វាស់កម្ដៅឧបករណ៍ផ្ដល់ចរន្តអគ្គិសនី ដោយគោរពតាមស្តង់ដារសុវត្ថិភាព និងថែទាំឧបករណ៍ផ្ដល់ចរន្តអគ្គិសនី និងសម្ភារដំណើរការដោយចរន្តអគ្គិសនីទាំងឡាយ ដែលជាមូលហេតុបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែងធ្វើការ និងតាមដានជាប្រចាំនូវសីតុណ្ហមាត្រដែលបានបំពាក់នៅក្នុងសហគ្រាស និងគ្រឹះស្ថាន។

ទី២.ត្រូវត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ជាពិសេសការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យការងារនៅកន្លែងធ្វើការជាប្រចាំ។

ទី៣.ត្រូវអប់រំ និងបណ្ដុះបណ្ដាលកម្មករនិយោជិត​​ឱ្យបានយល់ដឹងអំពីសញ្ញាសុវត្ថិភាព របៀបជម្លៀសខ្លួន និងធ្វើលំហាត់សមឱ្យបានទៀងទាត់។

ទី៤. ត្រូវត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្រ្គោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។

ទី៥.ត្រូវត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

ទី៦. ត្រូវត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព​ គ្មានឧបសគ្គ មិនដាក់សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។

ទី៧.ត្រូវរៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន តាមរយៈការវាយតម្លៃអំពីចំណាត់ថ្នាក់កន្លែងធ្វើការដែលមានប្រើប្រាស់សារធាតុគីមី និងវត្ថុ ឬសម្ភារងាយឆាបឆេះ និងវិធានការឆ្លើយតប និងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។

ទី៨.ត្រូវត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ​ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោច១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនយោជិតចូលធ្វើការ។

ទី៩.ត្រូវបើកបង្អូច និងទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារ និងវត្ថុធាតុដើមឱ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញ-ចូល។

ទី១០.ត្រូវណែនាំដល់កម្មករនិយោជិតឱ្យបរិភោគទឹកស្អាត និងមានអនាម័យឱ្យបាន១កែង នៅរៀងរាល់១៥ទៅ២០នាទី ព្រមទាំងស្លៀកសម្លៀកបំពាក់សមស្របតាមអាកាសធាតុ ខណៈក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថា ធាតុអាកាសនឹងអាចឡើងដល់៤១អង្សារសេនៅក្នុងខែមេសា និងដើមខែឧសភាខាងមុខ។

ទី១១.ក្រសួងណែនាំឱ្យសហគ្រាស និងគ្រឹះស្ថាន ត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយ នៃសារធាតុគ្រោះថ្នាក់ដល់កម្មករនិយោជិត ដែលបណ្ដាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅបរិវេណនៃសហគ្រាស និងគ្រឹះស្ថាន និងវិធានការទី១២.ក្រសួងឱ្យសហគ្រាស និងគ្រឹះស្ថាន ដែលប្រើប្រាស់ឡចំហាយ ត្រូវត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងត្រូវមានលិខិតអនុញ្ញាត និងមានអ្នកបញ្ជាឡចំហាយដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលពីក្រសួងស្ថាប័នជំនាញ។

ដោយឡែក បើសិនក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានណាដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្ដីណែនាំខាងលើ ហើយបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ​នឹងត្រូវទទួលរងពិន័យតាមច្បាប់ស្ដីពីការងារ និងប្រឈមការផ្ដន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds