ក្រសួងទេសចរណ៍៖ កម្ពុជាទទួលបានទេសចរបរទេសជាង៥លាន៤សែននាក់, ក្នុងឆ្នាំ២០២៣
(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ តែនៅតិចជាងឆ្នាំ២០១៩ (មុនកូវីដ១៩) -១៧.៥ភាគរយ (ជាង៦.៦លាននាក់)។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសជាង៥លាន៤សែននាក់នោះ គឺចូលមកតាមជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់ មកតាមផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០នាក់។
ទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ៗរបស់កម្ពុជា នាឆ្នាំ២០២៣ រួមមាន៖
១. ថៃ ១,៨២០,៤៦០នាក់
២. វៀតណាម ១,០១៩,៨១២នាក់
៣. ចិន ៥៤៧,៧៩៨នាក់
៤. ឡាវ ៣៧២,២៨៥នាក់
៥. សហរដ្ឋអាមេរិក ១៨៤,៨៧០នាក់
៦. កូរ៉េខាងត្បូង ១៧០,១៧១នាក់
៧. ឥណ្ឌូណេស៊ី ១២៧,១៧៨នាក់
៨. បារាំង ១០៦,៦២៥នាក់
៩. ចក្រភពអង់គ្លេស ៩៦,៩៧៣នាក់
១០. ម៉ាឡេស៊ី ៨៧,៨២៥នាក់។
របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្ពុជា ៥,៤៥៣,២៣១នាក់នេះដែរ គឺបានចាកចេញពីកម្ពុជាវិញចំនួន ៥,២៥៤,៦១៩នាក់។ ក្នុងឆ្នាំ២០២៣ដូចគ្នានេះ ប្រជាពលរដ្ឋកម្ពុជាក៏បានចេញទៅក្រៅប្រទេសចំនួន ១,៨១៩,៥០៤នាក់ផងដែរ ក្នុងអត្រាកំណើន ១៥២.៣ភាគរយ៕