កម្ពុជាដុតដៃដុតជើងប្រមូលធាតុចូលសម្រាប់ឆ្លើយតបសំណួរវាយតម្លៃរបស់អាមេរិកពាក់ព័ន្ធការប្រឆាំងការជួញដូរមនុស្ស

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំអន្តរក្រសួង កម្រិតបច្ចេកទេស បន្តប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងសំណួរវាយតម្លៃរបស់សហរដ្ឋអាមេរិក សម្រាប់របាយការណ៍ ស្តីពីការងារប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)បានស្នើដល់អង្គប្រជុំ ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាបន្តពិនិត្យ និងផ្ដល់ធាតុចូលឱ្យបានត្រឹមត្រូវ ដើម្បីដាក់បំពេញជាចម្លើយក្នុងកម្រងសំណួរ ហើយសហការគ្នាពីគ្រប់អង្គភាព ស្ថាប័ន ក្នុងការពិនិត្យលើរបៀប និងទម្រង់នៃការឆ្លើយតប ទៅនឹងការស្នើសុំរបស់អាមេរិក។

ពាក់ព័ន្ធទៅនឹងកម្រងសំណួរវាយតម្លៃ ត្រូវបានបែងចែកជូនក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា៖ នគរបាលប្រឆាំងការជួញដូរមនុស្ស និងនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ គណៈកម្មាធិការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គួររម្លឹកថា ​​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​“​ស្ថានភាព​នៃ​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​”​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ២០២២  លោកស្រី​ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ប្ដេជ្ញា​ថា កម្ពុជា​នឹង​បន្ត​បង្ក្រាប​លើ​បទ​ល្មើស​ជួញដូរ​មនុស្ស ទោះបីជា​កម្ពុជា​បាន​ចូលទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការជួញដូរ​មនុស្ស​ក៏ដោយ​។​ មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​រូបនេះ​ឱ្យដឹងថា អង្គការ​ដៃគូ​មួយចំនួន​នៅតែ​បន្ត​លើ​ក​ទឹក​និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បន្ត​បង្ក្រាប​លើ​បទ​ល្មើស​ជួញដូរ​មនុស្ស ក្នុងនោះ​ក៏​មាន​ទាំង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ​។

​គួរ​ឱ្យ​ដឹងដែរថា របាយការណ៍​ប្រចាំឆ្នាំ​ចេញ​ដោយ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ បង្ហាញថា អាមេរិក​បាន​ដាក់បញ្ចូល​ប្រទេស​កម្ពុជា វៀតណាម និង​ម៉ា​កាវ ក៏ដូចជា​បេឡា​រុស និង​ប៊ុលហ្គារី​ចូលទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការជួញដូរ​មនុស្ស​។ ការដាក់​បញ្ជូល​កម្ពុជា និង​ប្រទេស​ទាំងនេះ​ចូលទៅក្នុង​បញ្ជីខ្មៅ​របស់​សហរដ្ឋអាមេរិក​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជា និងប្រទេសមួយចំនួនខាងលើ​មាន​កិច្ចខិតខំ​តិចតួច ក្នុង​ការលុបបំបាត់​ប​ទ​ល្មើស​ចាប់​បង្ខំ​ផ្លូវភេទ ឬ​ការជួញដូរ​មនុស្ស​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds