សមត្ថកិច្ចសង្រ្គោះជនបរទេសជិត៦០នាក់ពាក់ព័ន្ធករណីរត់ពន្ធមនុស្សនៅខណ្ឌដូនពេញ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន២ទីតាំងផ្សេងគ្នា៖ ទី១.នៅសណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី២.នៅផ្ទះសំណាក់មួយកន្លែង ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ឬករណីរត់ពន្ធមនុស្ស។ ការចុះពិនិត្យរដ្ឋបាលនេះអនុវត្តតាមការដាក់ពាក្យបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីដើមសប្ដាហ៍កន្លងទៅនេះ ។
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះស្រាវជ្រាវស៊ើបអង្កេត ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយបានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់នៅទីតាំងទាំង២ខាងលើ ក្នុងនោះ ជនបរទេសចំនួន ៥៦នាក់ ជាជនរងគ្រោះ និងជនបរទេសបង់កា្លដេស ២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីរត់ពន្ធមនុស្ស។
ជនបរទេសដែលជាជនរងគ្រោះទាំង ៥៦នាក់ នោះមាន៣សញ្ជាតិដូចជា៖ សញ្ជាតិបង់ក្លាដេស ៥១នាក់ ឥណ្ឌា៤នាក់ និងសញ្ជាតិស្រីលង្កាម្នាក់ ពួកគេត្រូវបានមេខ្យល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដោយឡែកសម្រាប់អ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី។
បច្ចុប្បន្នជនបរទេសដែលរងគ្រោះទាំង៥៦នាក់ ក្រោមការសម្របសម្រួលពីក្រសួងសង្គមកិច្ច បានប្រគល់ឱ្យអង្គការ ការីតាសកម្ពុជា-ខេត្តកណ្តាល។ ចំណែកឯជនជាតិបង់ក្លាដេស ២នាក់ ដែលសង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ឬករណីរត់ពន្ធមនុស្ស ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យជាជនបរទេស ៤នាក់ទៀត ដែលបានរត់គេចខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី៕