អ្នកនាំពាក្យ៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep បើកបុកមនុស្សស្លាប់ និងបណ្តឹងរបស់ម្តាយជនបង្ក គឺតុលាការកំពុងដំណើរការចាត់ការតាមនីតិវិធីដំណាលគ្នា
ភ្នំពេញ៖ បន្ទាប់ពីម្តាយជនបង្កហេតុប្តឹងទៅក្រុមគ្រួសារសព ជនរងគ្រោះ ទៅតុលាការ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ក្នុងសំណុំរឿងទាក់ទងបទល្មើសចរាចរណ៍បង្កដោយម្ចាស់រថយន្ត Jeep បើកបុកមនុស្សស្លាប់ និងបណ្តឹងរបស់ម្តាយជនបង្ក គឺតុលាការកំពុងដំណើរការចាត់ការតាមនីតិវិធីដំណាលគ្នា ពោលគឺពុំមែនចាត់ការបណ្តឹងរបស់ម្តាយ ជនបង្កហេតុមុន ទុកសំណុំរឿងបទល្មើសចរាចរណ៍ដោះស្រាយក្រោយនោះឡើយ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអោយដឹងថា ម្តាយជនបង្កហេតុមានសិទ្ធិប្តឹងទៅក្រុមគ្រួសារជនរងគ្រោះបាន ដើម្បីការពារសេចក្តីថ្លៃថ្នូរ ករណីបើសិនជាយល់ថាខ្លួនរងការរំលោភបំពានសិទ្ធិនោះ។ ដោយឡែកសម្រាប់ការកាត់សេចក្តីយ៉ាងណានោះ អ្នកនាំពាក្យថា អាស្រ័យលើការសម្រេចរបស់តុលាការដោយផ្អែកអង្គហេតុ អង្គច្បាប់ ភស្តុតាង និងសក្ខីកម្មដែលមានជាធរមាន។
ដោយឡែកទំព័រហ្វេសប៊ុកមានគណនី Juppy ដែលត្រូវបានដឹងថា ជាភរិយារបស់ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយម្ចាស់រថយន្ត Jeep នោះ បានសរសេរសាររៀបរាប់ថា ពី“ជនរងគ្រោះ” ក្លាយទៅជា “ជនសង្ស័យ”។ គណនីខាងលើបន្តថា ក្នុងសំណេរដើមយ៉ាងដូច្នេះថា«ឃើញដីការកោះហៅ ខ្ញុំហួសចិត្តមិនដឹងនិយាយយ៉ាងណាឱ្យសម! ជនបង្កប្តឹងគ្រួសារជនរងគ្រោះដែលព្យាយាមស្ងប់ស្ងាត់ចាំការកោះហៅក្នុងការចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់? ហេតុអ្វីមិនដោះស្រាយរឿងបុកប្តីខ្ញុំស្លាប់ ដើម្បីឱ្យខ្ញុំ និងកូនព្រមទាំងគ្រួសារសាច់ញាតិបានស្ងប់ចិត្ត បែរជាមកប្តឹងខ្ញុំជាប្រពន្ធ ព្រមទាំងឪពុកធំរបស់ប្តីខ្ញុំ និងប្អូនថ្លៃខ្ញុំ ២នាក់ទៀត ដែលជាប្អូនស្រីបង្កើតរបស់ប្តីខ្ញុំ? ក្រុមគ្រួសារយើងបានសំងំស្ងប់ រង់ចាំការដោះស្រាយតាមផ្លូវតុលាការ និងរង់ចាំមើលឆន្ទៈរបស់អ្នក តែអ្នកបែរជាធ្វើបែបនេះ? »។
សូមបញ្ជាក់ថា តាមដីកាកោះចេញដោយព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញបានកោះហៅជនសង្ស័យដែលភរិយានិងសាច់ញាតិជនរងគ្រោះចំនួន ៤ នាក់ឱ្យចូលខ្លួនដើម្បីសាកសួរបំភ្លឺនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ តាមបណ្តឹងរបស់ ឈ្មោះ សុខ លីណា ដែលត្រូវដឹងថាជាម្តាយជនបង្កហេតុ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ៕