“គម្រោងព្រែកជីកហ្វូណនតេជោ”គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី៤ឆ្នាំនេះ

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រសិទ្ធនាមឡើង នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។

គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប។ គម្រោងព្រែកជីកជាប្រវត្តិសាស្រ្តនេះឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន

តាមគម្រោង ព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។

យោងតាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនដូចជា៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន ព្រមទាំងបង្កើតនូវតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ។ គម្រោងនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ហើយក៏ជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។

គួរឱ្យដឹងដែរថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះសិក្សាលម្អិតលើគម្រោងព្រែកជីកហ្វូណនក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds