ប្រទេសស្វីសយល់ព្រមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសស្វីសបានយល់ព្រមធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីសន្តិភាពអ៊ុយក្រែន ស្របតាមសំណើរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤។

ស្វីសដែលជាប្រទេសអព្យាក្រឹតមួយ និងកន្លងមកធ្លាប់ដើរតួនាទីជួយសម្រុះសម្រួលដោះស្រាយជម្លោះផ្សេងៗនោះ នាពេលនេះអាចនឹងចូលរួមចំណែកជួយស្វែងរកច្រកចេញ សម្រាប់សង្រ្គាមនៅអ៊ុយក្រែនដែលបានចាប់ផ្តើមឡើង នៅពេលរុស្ស៉ីលើកទ័ពឈ្លានពាន​ចូល ប្រទេសជិតខាងភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសអំពីគម្រោងកិច្ចប្រជុំកំពូលអន្តរជាតិនេះ ធ្វើឡើងស្របពេលលោក ហ្សេលេនស្គី បានទៅដល់ប្រទេសស្វីស ហើយធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្រោយជួបពិភាក្សា ជាមួយប្រធានាធិបតីស្វីស លោកស្រី Viola Amherd។ ទាំងលោក ហ្សេលេនស្គី និងលោកស្រី Amherd គឺមិនបានផ្តល់ព័ត៌មានលម្អិត ស្តីពីពេលវេលាឬ ទីកន្លែងជាក់លាក់ក្នុងប្រទេសស្វីស ដែលកិច្ចប្រជុំសន្តិភាពខាងលើ អាចនឹងរៀបចំឡើងនោះឡើយ។

គួរបញ្ជាក់ថា នៅស្វីស លោក ហ្សេលេនស្គី ក៏ត្រូវជួបពិភាក្សាជាមួយ មេដឹកនាំប្រទេសដទៃទៀតផងដែរ អំលុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រារព្ធឡើងក្នុងទីក្រុង Davos។ ក្នុងចំណោមឥស្សរជនដែលលោកអាចជួប គឺរួមមានទាំងនាយករដ្ឋមន្រ្តីចិន លោក Li Qiang។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែនបានលើកឡើងថា វាមានសារសំខាន់ខ្លាំងណាស់ ដែលទីក្រុងប៉េកាំងក្នុងនាមជា​សម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងមូស្គូ ចូលរួមពាក់ព័ន្ធក្នុង​កិច្ចចរចា ដើម្បីស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមឈ្លានពាន របស់រុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds