រដ្ឋមន្ត្រីក្រសួងការងារ ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដារស្វីសរបស់Prince Horology

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនានិងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈPrince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់លោករដ្ឋមន្ត្រីពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។ តាមគោលការណ៍មជ្ឈមណ្ឌលផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថមផងដែរដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះព្រោះថា ថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដារនៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលបានបណ្តុះបណ្តាលជំនាញពិសេសនេះឱ្យពលរដ្ឋខ្មែរ។ សូមរំលឹកថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horology នេះហើយដែលបានផលិតនាឡិកាជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល អាស៊ាន និងពិភពលោកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ កាលពីឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds