ងឿងឆ្ងល់ និងមតិមហាជនលើកឡើងខុសៗគ្នា ពីការសង់រោងនៅលើទ្រូងផ្លូវលេខ១៤១ ជ្រុងខាងលិចផ្សារអូរឬស្សីថា ជាការសង់បំពាន នឹងយកដងផ្លូវធ្វើអាជីវកម្ម
ភ្នំពេញ ៖ លោកឡយ ស៊ាងអាង ប្រធានគណៈកម្មាការផ្សារអូរឬស្សី បានលើកឡើងថា វាពុំមែនដូចជាការយល់ឃើញរបស់មហាជននោះឡើយ សំណង់រោងផ្សារបិទបាំងដោយដែកស័ង្កសីនេះ ធ្វើឡើងសម្រាប់បងប្អូនអាជីវករបន្លាស់ទី ប្តូរពីទីតាំងចាស់ចូលទៅលក់បណ្តោះអាសន្នតែមួយរយៈប៉ុណ្ណោះ នៅពេលគណៈកម្មការផ្សារជួសជុលខាងក្នុងរួចរាល់ ពួកគាត់តម្រូវឲ្យចូលទៅលក់កន្លែងដើមវិញ សំណង់ទាំងអស់នោះត្រូវបានរើចេញ ហើយផ្លូវក៏បើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញដែរ ។
ផ្សារអូរឬស្សីគឺត្រូវបានថ្នាក់ដឹកនាំ គិតគូរយ៉ាងយកចិត្តទុកដាក់ ក្នុងការថែទាំ និងជួសជុលកែលម្អរឡើងវិញទាំងស្រុង ដើម្បីធានាបាននូវភាពរឹងមាំ និងមានសោភ័ណ្ឌភាពល្អប្រសើរ ទើបក្រុមការងារ និងអាជ្ញាធរ បាន សម្រេចសុំការសហការការពីបងប្អូនអាជីវករ ឱ្យផ្លាស់ប្តូរទីចេញទៅលក់បណ្តោះអាសន្ន នៅទីតាំងរោងខាងក្រៅផ្សារ ដែលគណៈកម្មការបានរៀបចំរួចរាល់១០០គាគរយ នៅចុងខែមករា ខាងមុខ នេះ ។ ក្នុងនោះដែរក្រុមអាជីវករដែលលក់នៅជាន់ទី១ ទាំងអស់ គឺនឹងត្រូវផ្លាស់ប្តូរមកមុនគេ ។
ដោយមានការពន្យល់ណែនាំយ៉ាងក្បោះក្បាយ ពីលោកប្រធានគណៈកម្មការផ្សារអូរឬស្សីនោះហើយ បានក្រុមអាជីវករបង្ហាញនូវទឹកចិត្តសប្បាយរីករាយ និងទទួលយកបានពីការគិតគូររបស់ថ្នាក់ដឹកនាំ តាមរយៈអាជ្ញាធរ និងគណៈគ្រប់គ្រងផ្សារ លើការឱ្យផ្លាស់ប្តូរទីកន្លែងលក់ដូរបណ្តោះអាសន្ននេះ ។ ពួកគាត់គិតថា ការលក់ដូរនៅកន្លែងថ្មី ថ្វីត្បិតវាមិនបានល្អ១០០ភាគរយ ប៉ុន្តែទឹកចិត្តរីករាយនៅពេលតាមជាន់នៃអគារនីមួយៗ ត្រូវបានជួសជុលកែលម្អររួចរាល់ ខណៈពួកគាត់ក៏ទទួលបានទីកន្លែងលក់ដូរមួយសមប្រកប ដែលមិនមានការព្រួយបារម្ភពីសុខសុវត្ថិភាពទៀតផង ។
មុនមានការសង់រោងនេះ ក្រុមអាជ្ញាធរ ក៏បានធ្វើសេចក្តីជូនដំណឹងផងដែរទៅដល់ប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្បែរ និងជុំវិញតំបន់នោះ ហើយក្នុងនោះដែរ គណៈគ្រប់គ្រងផ្សារ ក៏បានដាក់កម្លាំងសន្តិសុខរបស់ខ្លួន សហការជាមួយនគរបាលប្រចាំការនៅតំបន់ ដើម្បីឈរសម្រួលដល់លំហូរចរាចរណ៍ និងជួយកាត់បន្ថយការកកស្ទះបានមួយកម្រិតថែមទៀត ខណៈផ្លូវលេខ១៤១ គឺត្រូវបានគណៈកម្មការផ្សារសង់រោងឲ្យអាជីវករលក់ដូរជាបណ្តោះអាសន្ន ស្ទើរពេញលើផ្លូវទាំងស្រុងទៅហើយ ៕