លោកបណ្ឌិតសុខ ទូចថានិស្សិតគួរតែសរសេរនិក្ខេបបទដែលឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពសង្គម

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងណែនាំដល់និស្សិតដែលកំពុងសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា បើសិនដល់ពេលសរសេរនិក្ខេបបទបញ្ចប់ការសិក្សា គួរតែសរសេរនិក្ខេបបទដែលឆ្លុះបញ្ចាំងពីស្ថានភាពសង្គម និងបច្ចុប្បន្នភាព។ ការណែនាំរបស់លោកប្រធានរាជបណ្ឌិត្យសភាបែបនេះ ធ្វើឡើងនៅក្នុងពិធីបើកបវេសនកាល(ឆ្នាំសិក្សា ២០២៣-២០២៤)ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់១២​ វគ្គ១​ និងថ្នាក់បណ្ឌិត ជំនាន់ទី៩ វគ្គ១ នៅរាជបណ្ឌិត្យសភាកម្ពុជា​ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត សុខ ទូច លើកឡើងថា និក្ខេបបទគួរតែសាច់រឿងរបស់អង្គហេតុ ព្រឹត្តិការណ៍ យុទ្ធសាស្រ្តនៃសាច់រឿងមកបង្ហាញ ដែលនឹងធ្វើឱ្យនិក្ខេបបទមានន័យ និងអាចក្លាយជាយានមួយនាថ្ងៃអនាគត។​ ជាពិសេស លោកបណ្ឌិតបានណែនាំឱ្យនិស្សិតសរសេរនិក្ខេបបទដែលខ្លួនស្រឡាញ់ពេញចិត្ត ទើបនិក្ខេបបទនោះបានចូលរួមចំណែកផ្ដល់ប្រយោជន៍ដល់សង្គម។

លោកបណ្ឌិត សុខ ទូច គូសបញ្ជាក់ថា និក្ខេបបទមួយត្រូវមាន៥ចំណុចសំខាន់ៗ រួមមាន៖ ទី១.ឯកសារ ទី២.សិក្សាលើមនុស្សតាមរយៈការធ្វើសម្ភាស ទី៣.ហេតុការណ៍ដែលបានកើតឡើង ទី៤.សិក្សាលើព័ត៌មានដែលពាក់ព័ន្ធជុំវិញសាច់រឿងនៃនិក្ខេបបទ និងទី៥.ការប្រៀបធៀបជាមួយឯកសារដទៃ ដែលមាននិន្នាការ និងទិសដៅប្រហាក់ប្រហែលគ្នា បូករួមនឹងបច្ចុប្បន្នភាពដែលឆ្លុះបញ្ចាំង។

រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានរៀបចំបើកពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២៣-២០២៤ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់១២ វគ្គ១ និងថ្នាក់បណ្ឌិត ជំនាន់ទី៩ វគ្គ១។ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកថ្នាក់សិក្សាចំនួន៩ជំនាញសម្រាប់ថ្នាក់បណ្ឌិត មានដូចជា៖ ជំនាញរដ្ឋបាលសាធារណៈ នីតិសាស្រ្ត វិទ្យាសាស្រ្តអប់រំ វិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យសាស្រ្តគ្រប់គ្រងធុរកិច្ច អក្សរសិល្ប៍ គ្រប់គ្រងធុរកិច្ច ទស្សនវិទ្យា និងស្ថាបត្យកម្ម និងសំណង់។ ដោយឡែក សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន៩ជំនាញ ដូចជា៖ ជំនាញរដ្ឋបាលសាធារណៈ នីតិសាស្រ្ត វិទ្យាសាស្រ្តនយោបាយ វិទ្យាសាស្រ្តសុខាភិបាល វិទ្យាសាស្រ្តអប់រំ អក្សរសីល្ប៍ វិទ្យាសាស្រ្តសេដ្ឋកិច្ច សិល្បៈតន្រ្តី និងជំនាញវិស្វកម្មបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds