LOCALIZE TECH SOLUTION ចុះMOU ជាមួយ ABA Bank ដើម្បីរួមចំណែកសម្រួលការទូទាត់ប្រាក់
ភ្នំពេញ៖ ការដាក់ឲ្យដំណើរការមុខងារថ្មី ប្រព័ន្ធគ្រប់គ្រងគណនេយ្យ LocalizeBook របស់ក្រុមហ៊ុន LOCALIZE TECH SOLUTION ជាមួយនឹង ABA Bank ជាការរួមចំណែកជួយសម្រួលឲ្យអ្នកប្រើប្រាស់ ធ្វើការចេញវិក្កយបត្រ និងធ្វើការទូទាត់ប្រាក់ បានកាន់តែមានភាពងាយស្រួលជាងមុន។ នេះជាការលើកឡើងរបស់លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត តាំង ងួនលី ក៏បានថ្លែងអបអរសាទរចំពោះការដាក់ឱ្យដំណើរការប្រព័ន្ធវិក្កយបត្រឌីជីថលរវាង LOCALIZE និង ABA និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ធ្លាប់មានបំណងចង់បង្កើតនូវប្រព័ន្ធវិក្កយបត្រស្តង់ដារមួយ ដើម្បីជួយសម្រួលលើការកាត់បន្ថយការកេងបន្លំវិក្កយបត្រ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការបង់ពន្ធ និងជួយគាំទ្រដល់ការធ្វើលទ្ធកម្មដ៏ទៃទៀតឱ្យកាន់តែមានតម្លាភាពជាដើម។
លោកបណ្ឌិត តាំង ងួនលី បានបន្ថែមថា កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនបានដំណើរការលើប្រពន្ធមុខងារវិក្កយបត្រនេះ និងបានដាក់ដំណើការរួចមកហើយ និងទាមទារឱ្យមានការគាំទ្រពីស្ថានិក និងម្ចាស់សហគ្រាស និងក្រុមហ៊ុន ដែលមានបំណងចង់រកស៊ីស្របច្បាប់តែងតែចង់ប្រើប្រាស់វិក្កយបត្រមួយដែលត្រឹមត្រូវ ព្រោះមានភាពងាយស្រួលប្រតិបត្តិការ និងងាយស្រួលក្នុងការបង់ពន្ធផងដែរ។
បើតាមលោកបណ្ឌិត តាំង ងួនលី ថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាន របស់ក្រុមហ៊ុន Localize និង ABA Bank នេះគឺជាការបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Localize បានបង្ហាញពីនវានុវត្តដែលបម្រើលើទិសដៅរួមគ្នា ក្នុងការកសាងប្រព័ន្ធទូទាត់លើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធបញ្ជីគណនេយ្យឱ្យបានកាន់តែល្អប្រសើរឡើង។
ដោយឡែកលោក ទុយ ហុង អគ្គនាយកក្រុមហ៊ុន LOCALIZE TECH SOLUTION CO.,LTD បានឱ្យដឹងដែរថា Localize គឺជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាន សម្រាប់សហគ្រាសធនតូច និងមធ្យមឈ្មោះ (LocalizeBook)។ បេសកម្មរបស់យើងគឺ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយឲ្យសហគ្រាសធនតូច និងមធ្យម មានការគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់។
ដោយឡែកលោក ទុយ ហុង បានបន្ថែមថា ប្រព័ន្ធគ្រប់គ្រងគណនេយ្យនេះ នៅពេលដែលអតិថិជនធ្វើការទូទាត់ប្រាក់តាមរយៈ KHQR ខាងលើប្រព័ន្ធ LocalizeBook នឹងជូនដំណឹងទៅអ្នកប្រើប្រាស់វិញ រួចធ្វើការទូទាត់ក្នុងប្រព័ន្ធ និងចេញបង្កាន់ដៃទទួលប្រាក់ជូនអតិថិជនវិញដោយស្វ័យប្រវត្តិ។ ជារួមមុខងារថ្មីនេះនឹងជួយសម្រួលឲ្យអ្នកប្រើប្រាស់ធ្វើការចេញវិក្កយបត្រ និងធ្វើការទូទាត់ ដោយគ្រាន់តែចុចមួយប៊ូតុងប៉ុណ្ណោះ។
មុខងារថ្មីនេះកើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Localize និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank)។ ដោយ Localize នឹងធ្វើការភ្ជាប់ (API Integration)ជាមួយសេវាទូទាត់ប្រាក់តាមអនឡាញរបស់ធនាគារ ABA (ABA Payway) ទៅក្នុងមុខងារទូទាត់វិក្កយត្របច្ចុប្បន្នដែលមានស្រាប់។ ដូច្នេះបន្ទាប់ពីមុខងារថ្មីនេះដាក់ឲ្យដំណើរអ្នកប្រើប្រាស់របស់ប្រព័ន្ធ LocalizeBook ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ថ្មីមួយទៀត គឺអាចចេញវិក្កយបត្រដោយភ្ជាប់ KHQR Code របស់ធនាគា ABA ដោយស្រ័យប្រវត្តិតាមរយៈប្រព័ន្ធ Localize តែម្តង។
សូមបញ្ជាក់ផងដែរថា ការសម្ពោធដាក់ឱ្យដំណើរការមុខងារថ្មី ប្រព័ន្ធគ្រប់គ្រងគណនេយ្យ LocalizeBook របស់ក្រុមហ៊ុន LOCALIZE TECH SOLUTION CO.,LTD ជាមួយនឹង ABA Bank លើមុខងារថ្មីមួយគឺ វិក្កយបត្រឌីជីថលជាមួយនឹង ABA Payway – Digitalize Invoicing with ABA Payway ដែលប្រព្រឹត្តិទៅនៅសាលប្រជុំធំនៃមជ្ឈមមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤៕