មជ្ឈមណ្ឌលបច្ចេកទេសរតនគិរី ត្រៀមខ្លួនរួចរាល់ ខណៈយុវជន ជាង ២០០ នាក់ ចុះឈ្មោះចូលរៀនជំនាញ

ភ្នំពេញ៖ នាយកនៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ខាងមុខនេះ ខណៈ​យុវជន​ជាង ២០០ នាក់ បាន​ចុះ​ឈ្មោះ​ចូលរៀន។

លោក សែម ប៉ាត នាយកនៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគីរី បាន​ឲ្យ​ដឹង​ថា ចាប់​តាំងពី សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១.៥ លាន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មជ្ឈមណ្ឌល បាន​ទទួល​យុវជន​មក​ចុះឈ្មោះ​ចូលរៀន​ចំនួន ២៤០ នាក់ ស្រី ៩៧ នាក់ លើ​ជំនាញ​ចំនួន ៥ ដែល​ជា​ជំនាញ​មាន​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់ តាម​បណ្ដា​ក្រុមហ៊ុន​សហគ្រាស និង​មាន​ប្រាក់​ចំណូល​សមរម្យ នា​ពេល​បច្ចុប្បន្ន។

លោកថា «មជ្ឈមណ្ឌល ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ទទួល​សិស្ស​ចូលរៀន​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ខាង​មុខ​នេះយើងក៏បាន​ត្រៀម​គ្រូបង្រៀន​ជំនាញ បន្ទប់​អនុវត្ត និង​សម្ភារៈ​បច្ចេកទេស​ផ្សេងៗ ទៀត»។ ជាមួយគ្នានេះដែរ លោក​បាន​អំពាវនាវ​ឲ្យ​យុវជន​ទាំងអស់ មក​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នេះ ដើម្បី​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំ​ជីវិត មាន​ការងារ និង​ប្រាក់ចំណូល​សមរម្យ ក្នុង​ការ​សម្រួល​ជីវភាព​គ្រួសារ និង​កំណើន​សេដ្ឋកិច្ច​ជាតិ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១ លាន ៥ សែន​នាក់ ដែល​មាន​រយៈពេល ៤ ខែ សិក្សា​ដោយ​ឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ ម៉ឺន​រៀល រហូតដល់​បញ្ចប់​ការ​សិក្សា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds