កសិករក្នុងខេត្តពោធិ៍សាត់សម្រុកនាំគ្នាធ្វើស្រូវប្រាំងដោយសារស្រូវឡើងថ្លៃខ្ពស់
(ខេត្តពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានណែនាំដល់ប្រជាកសិករទាំងអស់ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភាខាងមុខ ព្រោះបើប្រជាកសិករនៅតែរឹងទន្ទឹងបង្កបង្កើនផលស្រូវប្រាំងលើកទី២នឹងអាចប្រឈមការខ្វះទឹកប្រើប្រាស់។ នេះបើយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់។ ការជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ដែលណែនាំដល់ប្រជាកសិករឱ្យផ្អាកបង្កបង្កើនផលស្រូវប្រាំងលើកទី២ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនរិះគន់ ដោយពួកគេយល់ថា ការណែនាំឱ្យផ្អាកបែបនេះ អាចនឹងប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ ប្រសិនបើចំណូលសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋមួយចំនួនពឹងផ្អែកតែលើការបង្កបង្កើនផលដំណាំស្រូវប្រាំងលើកទី២នេះ។
ជុំវិញករណីនេះ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងយល់ច្បាស់ថា ប្រជាកសិករកំពុងមានភាពសប្បាយរីករាយក្នុងការបង្កបង្កើនផលស្រូវ ដោយសារបច្ចុប្បន្នស្រូវសើមកំពុងមានការកើនឡើងតម្លៃខ្ពស់មិនធ្លាប់មាន ពោលអាចលក់ចេញចន្លោះពី១,៣០០រៀល ទៅជាង១,៣០០រៀល ក្នុងមួយគីឡូក្រាម។
ទាក់ទងនឹងការជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ដែលឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលស្រូវប្រាំងលើកទី២វិញ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គូសបញ្ជាក់ថា គឺជាការគិតគូរ និងជូនដំណឹងទុកជាមុនជូនដល់ប្រជាកសិករ ដើម្បីឱ្យប្រជាកសិករយកទៅពិចារណាដោយខ្លួនឯងថា គួរ ឬមិនគួរបង្កបង្កើនជាលើកទី២។
លោកជំទាវ អ៊ឹម រចនា បានកត់សម្គាល់បន្ថែមថា បញ្ហាខ្វះទឹកមិនមែនកើតមានតែនៅកម្ពុជានោះទេ ពោល នៅប្រទេសមួយចំនួនផ្សេងទៀត ជាក់ស្ដែងដូចជា៖ ប្រទេសវៀតណាមដែលជាប្រទេសជាប់របងនឹងកម្ពុជាក៏ជួបបញ្ហាខ្វះទឹកដូចគ្នា៕