នាយក​វិទ្យាស្ថាន​កំពង់ចាម ​៖ វគ្គ​បណ្តុះបណ្តាលជំនាញ ជា​ឱកាស​មាសសម្រាប់​យុវជនក្នុងទីផ្សារ​ដ៏សម្បូរ​បែប

ភ្នំពេញ ៖ នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម បានអះអាងថា កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស ដែល​ជ្រោមជ្រែង​ដោយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ជួយ​សម្រួល​និស្សិត​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ និង​ផ្តល់​ជំនាញ​ជាក់លាក់​មួយ ​ដល់​យុវជន ដើម្បី​ជាយា​ន្ត​ចូល​ប្រលូក​ក្នុង​ទីផ្សារ​ការងារ​ ។

លោក ហាវ ធិ​ន នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម បានអោយដឹង​ថា ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស ទៅ​ដល់​យុវជន​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​សក្តានុពល​មួយ ​របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ដើម្បី​ជម្រុញ​ឱ្យ​យុវជន​មាន​ជំនាញ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន ​សម្រាប់​ជីវិត ក្នុង​ការ​ស្វែងរក​ការងារ​សមរម្យ លើកកម្ពស់​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ច​ប្រទេស​ជាតិ ​។ លោក​ថា «​យុវជន​មានឱកាស​ល្អ​ណាស់ ក្នុង​ការ​ចាប់​យក​ជំនាញ​ជាក់លាក់ ដែល​ជា​តម្រូវការ​ទីផ្សារ​ការងារ​ខ្ពស់។​ ក្នុង​មួយ​ជីវិត​យុវជន​ម្នាក់ ត្រូវ​មាន​ជំនាញ​មួយ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត»​។

ជាមួយគ្នានេះដែរ លោក បាន​អំពាវនាវ​ឱ្យ​យុវជន​ទាំងអស់ ចេះ​ចាប់​យក​ឱកាស​មាស ឱកាស​ប្រាក់ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ជា​គោលនយោបាយ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ទៅ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ​ទូ​ទាំង​ប្រទេស​។

សូម​បញ្ជាក់​ដែរ​ថា ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​ទៅ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១,៥ លាន​នាក់ ដែល​ប្រមុខ​រដ្ឋាភិបាល​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ ។ កម្មវិធី​បណ្តុះបណ្តាល​នេះ ដើម្បី​ឱ្យ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​អាច​ឆាប់​មាន​ជំនាញ​វិជ្ជាជីវៈ និង​ឆាប់​មានការ​ងារ​ធ្វើ​សមរម្យ​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ និង​ប្រ​គួ​ត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds