ចប់ជើងឯកថ្នាក់ជាតិ សហព័ន្ធវ៉ូវីណាម សម្លឹងឃើញកីឡាករ កីឡាការិនីថ្មីៗ មានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងនៅកម្រិតជាតិ និងអន្តរជាតិបាន

ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ ប្រចាំឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ អគ្គលេខាធិការ សហព័ន្ធអះអាងថា ក្រោយពីបញ្ចប់ការប្រកួតទាំង៣ថ្ងៃនេះ សហព័ន្ធសម្លឹងឃើញកីឡាករ កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់ មានស្មារតីអង់អាចក្លាហាន ដែលអាចប្រកួតប្រជែងនៅកម្រិតជាតិ និងអន្តរជាតិ។

អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក យ៉ាំ ថៃសាន បានអោយដឹងថា «ក្រោយពីបានរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំ និងគ្រប់គ្រងការប្រកួត នាពេលថ្មីៗរួចមក មន្ត្រីរៀបចំការប្រកួតមានការយល់ដឹងកាន់តែច្រើន ក្នុងការរៀបចំ និងគ្រប់គ្រងការប្រកួតស្របតាមលក្ខណៈ បច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ។ ចៅក្រម អាជ្ញាកណ្តាល កាន់តែមានវិជ្ជាជីវៈខ្ពស់ ប្រកាន់ខ្ជាប់នូវតម្លាភាព និងសុក្រិត្យភាព។ ឆ្លងតាមការប្រកួតមន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីបានខិតខំប្រឹងប្រែងប្រកួតដោយឈរលើស្មារតីកីឡានិងអនុវត្តបទបញ្ជាការប្រកួត ច្បាប់ល្បែងបានត្រឹមត្រូវ និងមានក្រមសីលធម៌ខ្ពស់។ ចៅក្រម អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការ ប្រកួតនានា»

បើតាមលោកអគ្គលេខាធិការ ការប្រកួតនេះមានការចូលរួមពីបណ្តាក្លឹបនៃក្រសួងស្ថាប័ន រាជធានី/ខេត្ត ចំនួន១៣ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១២៨ នាក់ (ស្រី ៣៥នាក់) (ដោយពុំអនុញ្ញាតដល់កីឡាករ កីឡាករការិនីជម្រើសជាតិឆ្នើមមួយចំនួនចូលរួម) ក្នុងគោលបំណងផ្តល់លទ្ធភាពដល់ប្អូនៗក្មួយៗថ្នាលជំនាន់ក្រោយប្រកួតប្រជែង ដើម្បីចម្រាញ់រកកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាសិស្សអាស៊ាន នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនៅប្រទេសឥណ្ឌូណេស៊ី។

ជាមួយគ្នានេះ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូឌីណាមកម្ពុជាថ្លែងថា ក្នុងនាមសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា លោកសូមអបអរសាទរចំពោះកីឡាករ កីឡាការិនីជ័យលាភីទាំងអស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំ ដើម្បីដំណើរការកម្មវិធីទាំងបីផ្នែករួមមាន ការងាររដ្ឋបាលសហព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះដែរ អ៊ូ រតនា ក៏បានរម្លឹកពីភាពជោគជ័យនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ ដោយសហព័ន្ធកីឡាវ៉ូវីណាមដណ្ដើមបានមេដាយជូនជាតិមាតុភូមិ និងប្រជាជនសរុបចំនួន ២៧គ្រឿង មេដាយមាស ១០ ប្រាក់ ៩ និងសំរឹទ្ធ៨។ កាលពីពេលថ្មីៗនេះ សហព័ន្ធបានបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងពិភពលោក លើកទី៧ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសវៀតណាម ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងនោះទទួលបានមេដាយសរុប ២០គ្រឿង មាស៦ ប្រាក់៥ និងសំរឹទ្ធ៩។ សមិទ្ធផលរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាពេលកន្លងមកនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វិស័យឯកជន ដែលតែងតែជួយជ្រោមជ្រែង ផ្តល់ការគាំទ្រដល់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជារហូតរៀងមក៕

ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ បានដំណើរការពីថ្ងៃទី០២-០៤ ខែមករា ឆ្នាំ២០២៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងការពារជាតិឈរលេខ១ ដោយដណ្តើមបានមេដាយសរុប១៦គ្រឿង ក្នុងនោះមេដាយមាស ១២គ្រឿង ប្រាក់២ និងសំរឹទ្ធ២ ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប ២១គ្រឿង ក្នុងនោះមេដាយមាស៧ ប្រាក់៩ និងសំរឹទ្ធ៥ និងក្លឹបវ៉ូវីណាមសែនសុខ ឈរនៅលេខ៣ ជាមួយមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៕អាចជារូបភាពនៃ 5 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ 3 នាក់, ជើងតម្កល់ និង អត្ថបទ

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds