លោកហេង សួរថាការចេញទៅធ្វើការនៅអ៊ីស្រាអែលតាមមេខ្យល់ជាករណីខុសច្បាប់
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ លោកបានទទួលបានព័ត៌មានទាក់ទងករណីមានបុគ្គលមួយរូប ដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់ឈ្មោះ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែល” ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រអែល ដោយខុសច្បាប់។
ជុំវិញករណីនេះ លោករដ្ឋមន្រ្តីការងារបញ្ជាក់ច្បាស់ៗថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយ ពោលគឺកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។
លោក ហេង សួរ បានអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមកាណល់ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែល” ឱ្យសោះ។ ជាមួយគ្នា ក្រសួងកំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការណ៍ដល់បុគ្គលពាក់ព័ន្ធ។ លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ៕