ក្រសួងបរិស្ថាន កំពុងគិតគូរលើការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកការពារសុខុមាលភាពប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ស៊ីអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក នៅរសៀលថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននឹងកំពុងគិតគូរលើការគ្រប់គ្រងសំណល់រឹង ដើម្បីរួមចំណែកដល់ការការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យចាកផុតពីជំងឺដង្កាត់នានា ដែលបានបង្កមកពីគំនរសំរាម និងសម្អាតភាពកខ្វក់ក្នុងបរិយាកាស។
លោក ភឿ គឹមហ៊ាង អគ្គនាយកក្រុមហ៊ុនអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក. បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំរោងចក្រកែច្នៃសំរាម ខ្នាតតូច ដើម្បីកំចាត់សំរាមនៅតាមទីលានចាក់សំរាមក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងអំណរ គុណចំពោះក្រុមហ៊ុន ដែលមានគំនិតចង់ចូលរួមចំណែកការអភិវឌ្ឍនៅតាមទីលានចាក់សំរាម តែយ៉ាងណាក្រសួងបរិស្ថានស្នើឱ្យក្រុមហ៊ុនបង្ហាញពីគម្រោងការងារជាមុន ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ សិក្សាអំពីគម្រោង ពិនិត្យ និងវាយតម្លៃលើហេតុប៉ះពាល់នានាដល់បរិស្ថានជាមុនសិន។
ជាក់ស្តែងក្រសួងបរិស្ថានបានគិតគូរជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹង ហើយការងារដំបូងដែលក្រសួងត្រូវធ្វើ គឺការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បន្ទាប់មកការគ្រប់គ្រងសំណល់រឹង ប្លាស្ទិកនៅតាមសាលារៀន ការទុកដាក់ និងញែកសំរាមជាដើម។ លើសពីនេះ ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ ក្រសួងបរិស្ថានដាក់ចេញនូវគោល ការណ៍ឱ្យមានទីលានទុកដាក់សំរាមគ្រប់ខេត្តក្រុងទាំងអស់ ៕