ថ្ងៃនេះ នាវាទេសចរណ៍ Westerdam ចូលចតនៅខេត្តព្រះសីហនុម្តងទៀត ជាមួយភ្ញៀវទេសចរ១,៥០០នាក់ ក្រោយចូលចតកាលពី៣ឆ្នាំមុន

(ភ្នំពេញ)៖ ដូចការគ្រោងទុកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាង១,៥០០នាក់ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូ​វីដ​១​៩​ ខណៈរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។

អាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេសចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀតជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។ នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង១,៥០០នាក់។ ក្នុងចំណោមទេសចរទាំងនេះមានជាង៩០០នាក់នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds