សមត្ថកិច្ចឃាត់ខ្លួន ក្មេងទំនើងប្រុសស្រីដើរលេងយប់ជិត៣០០នាក់នៅតំបន់កោះពេជ្រ
កងកម្លាំងនគរបាលជំនាញ បានធ្វើការឃាត់ខ្លួនក្មេងទំនើងប្រុស ស្រី ជិត៣០០នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈដែលក្រុមក្មេងទំនើងទាំងនេះកំពុងប្រមូលផ្ដុំគ្នានៅតំបន់កោះពេជ្រ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួន និងអប់រំណែនាំនេះដោយសារតែសកម្មភាពជាក់ស្ដែងកើតមានឡើងនៅលើដងផ្លូវ អំពើហិង្សា វាយ កាប់ ចាក់ ប្រើអាវុធមុតស្រួច កំពុងកើតមានឡើងជាបន្តបន្ទាប់ ដោយសារតែក្មេងទំនើងទាំងនេះ។ ក្មេងទំនើងប្រុសស្រីទាំងអស់គឺមានចំនួន២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួន និងធ្វើការអប់រំណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ខណៈដែលម៉ូតូមួយចំនួនដែលមានការកែច្នៃគ្មានឯកសារ និងគ្មានស្លាកលេខ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការដកហូត និងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ម៉ូតូយកឯកសារ និងធ្វើការដោះស្រាយ បើសិនជាមានឯកសារត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។
កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា លោកនឹងប្ដេជ្ញាចិត្តក្នុងការបង្ក្រាបក្មេងទំនើង ខណៈដែលពួកនេះបង្កភាពអាណាធិបតេយ្យនៅលើដងផ្លូវ ដែលពួកគេបានធ្វើសកម្មភាពប្រើអំពើហិង្សាវាយ កាប់ចាក់គ្នានៅលើដងផ្លូវសាធារណៈនាពេលយប់អធ្រាត្រនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕