Appleបញ្ចេញiOS 17.2.1ដើម្បីជួសជុលកំហុសសំខាន់ៗ!
កាលពីពេលថ្មីៗនេះ Apple បានទម្លាក់កំណែអាប់ដេតថ្មីមួយទៀត iOS 17.2.1 និង iPadOS 17.2.1 ដើម្បីចូលមកជួសជុលកំហុសពីមុនៗ ក៏ដូចជាពង្រឹងបន្ថែមលើផ្នែកសុវត្ថិភាព។ កាលពីដើមសប្ដាហ៍មុន ថ្ងៃទី 11 ធ្នូ 2023 ក្រុមហ៊ុន Apple បានបញ្ចេញកំណែអាប់ដេត iOS 17.2 ដែលមានផ្ដល់ជូនកម្មវិធី Journal សម្រាប់កត់កំណត់ហេតុប្រចាំថ្ងៃ, មុខងារថតវីដេអូ Spatial បែប 3D ទុកចាក់មើលនៅលើ Apple Vision Pro និងមុខងារផ្សេងៗទៀត។
ដោយគ្រាន់តែកន្លងផុតទៅបានមួយសប្ដាហ៍ នៅក្នុងថ្ងៃទី 20 ធ្នូ 2023 នេះ កំណែអាប់ដេត 17.2.1 ក៏ត្រូវបានទម្លាក់មកថ្មីថែមទៀត ដើម្បីចូលមកដោះស្រាយកំហុសសំខាន់ៗ និងពង្រឹងលើផ្នែកសុវត្ថិភាពបន្ថែមជាដើម។ ហាក់បីដូចជារាល់ដងអ៊ីចឹង Apple ណែនាំឲ្យអាប់ដេតឲ្យបានគ្រប់គ្នា ដើម្បីទទួលបានបទពិសោធន៍ថ្មីល្អបំផុត។
ចំណែកឯម្ចាស់ iPhone និង iPad ជំនាន់មុនៗ ក៏ទទួលបានកំណែអាប់ដេតថ្មី iOS 16.7.4 និង iPadOS 16.7.4 ផងដែរ ដោយមានការពង្រឹងលើផ្នែកសុវត្ថិភាពសំខាន់ដូចគ្នា។ ដើម្បីចូលទៅកន្លែងអាប់ដេតអាចចូលទៅ Settings > General > Software Update និងចុចទាញយកមកដំឡើងជាការស្រេច។
ប្រភព៖ Cambo Report