អ្នកមិនទាន់បង់ពន្ធត្រៀម!ពន្ធដារនិងសមត្ថកិច្ចនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធផ្លូវចាប់ពីថ្ងៃទី១៥មករាឆ្នាំ២០២៤

ក្រុមការងារចម្រុះរាជធានីខេត្តដឹកនាំដោយមន្រ្តីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានីខេត្តទាំង២៥ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ម្ចាស់យានយន្តដែលខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ សូមរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការប្រកាសបង់ពន្ធតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្តខណ្ឌ ឬនៅធនាគារដូចជា៖ ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារវឌ្ឍនៈ និងធនាគារមួយចំនួនទៀត។ ក្រៅពីនេះ ម្ចាស់យានយន្តអាចបង់តាមរយៈកម្មវិធី GDT Raxpayer App តាមទូរស័ព្ទសម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។

​កន្លងទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​បានប្រកាសក្រើនរម្លឹកដល់ម្ចាស់យានយន្តឱ្យប្រញាប់ទៅប្រកាសបង់ពន្ធ ដោយសារ​សង្កេតឃើញថា នៅតែមានម្ចាស់​យានយន្ត​មួយចំនួន​​មិនទាន់​បាន​បង់ពន្ធ​នៅឡើយ​ទេ​។ ចំពោះ​ម្ចាស់​យានយន្ត​ដែល​មិន​ទាន់​បាន​ទៅ​បង់ពន្ធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ណែនាំ​ឱ្យ​ភ្ជាប់​ទៅ​ជាមួយ​នូវ​អត្តសញ្ញាណ​បណ្ណ បណ្ណ​សម្គាល់​យានយន្ត និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នៅ​សាខា​ពន្ធដារ​ខេត្ត ឬ​ខណ្ឌ ឬ​នៅ​ធនាគារ​ដែលជា​ដៃគូ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

អគ្គនាយកដ្ឋាន​ពន្ធដារ គូសបញ្ជាក់ថា ក្នុង​ករណី​ម្ចាស់​យានយន្ត​មិន​បាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់ នឹង​ត្រូវ​ទទួលរង​នូវ​ការអនុវត្ត​លើ​ពន្ធ​បន្ថែម​ចំពោះ​ការយឺតយ៉ាវ​តាមច្បាប់​ស្ដី​ពី​សារពើពន្ធ​ជា​ធរមាន​។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ឆ្នាំ​២០២៣​ ធ្វើឡើងរយៈពេល៦ខែ រាប់ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds