អាមេរិកនឹងបញ្ជូនវត្ថុបុរាណខ្មែរចំនួន១៤រូបមកកម្ពុជាមកវិញក្រោយចរចាគ្នាជាច្រើនឆ្នាំ
វត្ថុបុរាណខ្មែរចំនួន១៤រូប នៃសមុច្ច័យរបស់សារមន្ទីរMET នឹងត្រូវបញ្ជូនមកកាន់កម្ពុជាវិញ បន្ទាប់ពីមានការចរចាអស់រយៈពេលជាច្រើនឆ្នាំរវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក សហរដ្ឋអាមេរិក(SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ(HSI) និងក្រុមការងារកម្ពុជាជាមួយនឹងសារមន្ទីរMET។ នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋអាមេរិក សារមន្ទីរMET បានផ្ដល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជានូវវត្ថុបុរាណខ្មែរចំនួន១៤រូបនេះ។ ទន្ទឹមគ្នា ក៏អនុញ្ញាតឱ្យមន្រ្តីជំនាញកម្ពុជា ធ្វើកោសល្យវិច្ឆ័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានាពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ក្នុងចំណោមវត្ថុទាំង១៤រូប ដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមាន៖ ស្នាដៃឯកមួយចំនួនដូចជា៖ ទី១. រូបចម្លាក់ទេពស្រី(ព្រះនាងឧមា) ធ្វើពីថ្មភក់សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយកនៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយនៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ។ ទី២. ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងទី៣. បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរMET បានទិញពីលោក ឌូក្លាស ឡាដហ្វដ(Douglas Latchforc)នៅឆ្នាំ១៩៩២។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា៖ ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិកម្ពុជាពីសារមន្ទីរMET គឺមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជានោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ លោកស្រីថា ការបញ្ជូនត្រឡប់មកវិញនេះ មានអត្ថន័យធំធេងបំផុតមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។
លោកស្រីរដ្ឋមន្រ្តីគូសបញ្ជាក់ថា វត្ថុបុរាណខ្មែរជាច្រើនទៀតកំពុងស្ថិតនៅសារមន្ទីរ MET ហើយយើងរំពឹងថា វត្ថុបុរាណទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។ ជាពិសេស លោកស្រី ភឿង សកុណា បានស្នើឱ្យខាងសារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនដទៃទៀត ទាក់ទងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីពិភាក្សាពីសម្បត្តិវប្បធម៌ខ្មែរដែលពួកគេមាន។
ជាមួយគ្នា លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថែមថា៖ ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិនេះ បង្ហាញជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំមកវិញនូវដួងព្រលឹងដូនតារបស់ខ្មែរ ដែលបានឃ្លាតចាកឆ្ងាយពីដែនដីកំណើនរបស់ខ្លួន។
លើសពីនេះ លោកស្រីរដ្ឋមន្រ្តី បានបង្ហាញពីមោទនភាពចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរក និងបញ្ជូនមកវិញនូវបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលបាននាំចេញដោយខុសច្បាប់ពីកម្ពុជា។ លោកស្រីអះអាងថា ការបញ្ជូនត្រឡប់មកវិញនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនខ្មែរ ដែលបានឆ្លងកាត់សង្រ្គាមស៊ីវិលរាប់ទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្ម នៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងជាការពង្រឹងទំនាក់ទំនងកាន់តែរឹងមាំឡើងរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕