មន្រ្តីជលផលល្បាតដែនសមុទ្រប្រទះឃើញប្រភេទត្រីជិតផុតពូជមួយក្បាលនៅកោះរ៉ុង
(ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមល្បាតជលផលនិងសហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់ឬ Whale Shark មួយក្បាល នៅកោះរ៉ុង។ ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រី មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។ ទន្ទឹមគ្នា ក្រសួងកសិកម្មបានព្រមានថា ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន៕