ស្រោមអនាម័យប្រមាណ១០ម៉ឺនស្រោមនឹងចែកជូនដោយឥតគិតថ្លៃអំឡុងបុណ្យអុំទូកនេះ

ក្រសួងសុខាភិបាលបានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យចំនួនប្រមាណ១០ម៉ឺនស្រោមដោយឥតគិតថ្លៃ ដល់កីឡាករអុំទូក និងដល់សាធារណជនដែលចូលរួមនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

យុទ្ធនាការផ្សព្វផ្សាយអប់រំ និងចែកស្រោមអនាម័យ ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានរៀបចំជាស្តង់និងក្រុមចល័តសម្រាប់ផ្សព្វផ្សាយអប់រំដល់កីឡាករអុំទូកនិងប្រជាពលរដ្ឋទូទៅស្តីពីការបង្ការការចម្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការចែកជូនអាវយឺត ចែកទឹករំអិល និងស្រោមអនាម័យដោយឥតគិតថ្លៃ។

យុទ្ធនាការនេះរៀបចំធ្វើនៅពីរទីតាំងផ្សេងគ្នា រួមមាន៖ ទី១. នៅទីធ្លាក្រុងរណបជ្រោយចង្វារ OCIC ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំដោយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយអង្គការដៃគូរួមមាន KHANA, MHC, CWPD & AHF  និងទី២. នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ឆ្នាំ២០២៣ រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្កការដៃគូរួមមាន KHANA, AHF, MHC, CWPD & RHAC ។

យុទ្ធនាការចុះចែកស្រោមអនាម័យមិនមែនជារឿងថ្មីឡើយ ព្រោះរៀងរាល់ពេលមានបុណ្យជាតិសំខាន់ៗ ដូចជា៖ បុណ្យអុំទូកជាដើម ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ តែងតែចុះចែកស្រោមអនាម័យជារឿយៗស្ទើរតែមិនដែលអាក់ខានឡើយ។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋ ចេះការពារខ្លួនពីជំងឺអេដស៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺអេដស៍៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds