ធនាគារពិភពលោកផ្ដល់ជំនួយ១៦៣លានដុល្លារដល់កម្ពុជាពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ
ធនាគាពិភពលោក(World Bank)បានប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១៦៣លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៧៥,០០០នាក់ នៅក្នុងខេត្តចំនួន៤។ នេះបើតាមការបញ្ជាក់តាមរយៈគេហទំព័រផ្លូវការរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា៖ ថ្វីត្បិតប្រទេសកម្ពុជាមានភាពរីកចម្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ប៉ុន្តែក៏នៅមានភាពចាំបាច់បន្ថែមទៀតដែលត្រូវបន្តធ្វើ ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDG 6) ស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។ ធនាគារពិភពលោកឱ្យដឹងថា៖ គិតត្រឹមឆ្នាំ២០២២ មានមិនដល់មួយភាគបីឡើយនៃប្រជាជនកម្ពុជា ដែលមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងដោយសុវត្ថិភាព ហើយមានលើសមួយភាគបីបន្តិចប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់សេវាអនាម័យដែលមានការគ្រប់គ្រង់បានល្អ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានលើកឡើងថា៖ កិច្ចគាំទ្រលើការពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ នឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជន ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកការផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព និងសម្រាប់ការពង្រឹងសេដ្ឋកិច្ច។ លោកថា៖ គម្រោងនេះនឹងជួយរដ្ឋាភិបាលក្នុងការអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ខ្លួន ហើយយើងប្តេជ្ញាថានិងធានាឱ្យមានកំណើនប្រកបដោយចីរភាព នៅក្នុងវិស័យនេះ ក៏ដូចជាក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG 6)ឱ្យបានផងដែរ។
ចំណែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា៖ រដ្ឋាភិបាលកម្ពុជា ផ្តល់ការយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រងសំណល់ទឹកកខ្វក់ និងភក់សំណល់បង្គន់ ដូច្នេះ ការវិនិយោគទៅលើប្រព័ន្ធអនាម័យក្រោមគម្រោងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធានាឱ្យបាននូវនិរន្តរភាពរបស់សេវាអនាម័យ ដែលនឹងធ្វើឱ្យវិស័យនេះមានការវិវឌ្ឍប្រែប្រួលជាវិជ្ជមានទៅថ្ងៃមុខ។
សូមបញ្ជាក់ថា គម្រោងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនេះ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាភាគីអនុវត្តន៍សកម្មភាពពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាត ចំណែកឯក្រសួងសាធារណការ និងដឹកជញ្ជូន ជាភាគីអនុវត្តសកម្មភាពសេវាអនាម័យទីក្រុង។ ខេត្តទាំងបួនដែលជាគោលដៅរបស់គម្រោងនេះរួមមាន៖ ខេត្តបាត់ដំបង ពោធិ៍សាត់ មណ្ឌលគិរី និងខេត្តកណ្តាល។
គម្រោងពង្រឹងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (Water Supply and Sanitation Acceleration Project) មានរយៈពេល៦ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុង និងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណប្រហែល ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត៕