រដ្ឋមន្រ្តីបរិស្ថាន ប្រកាសផ្តល់ជូនកូនឈើឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋ ១លានដើម ក្នុងមួយឆ្នាំៗ

កំពត៖ កូនឈើគ្រប់ប្រភេទចំនួន ១លានដើមនឹងចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ សម្រាប់ដាំដើម្បីឱ្យបរិស្ថាននៅតាមសាលារៀន លំនៅឋាន វត្តអារាម និងសហគមន៍ឱ្យមានភាពបៃតងស្រស់។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ នៅក្នុងយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក នាថ្ងៃអាទិត្យទី ១៩ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១៣ម៉ឺននាក់ មកពីសាលាចំនួន ៤៣៨សាលា នៅទូទាំងខេត្តកំពត ។

ជាមួយគ្នានេះ ភាពបៃតងស្រស់នៃដើមឈើបានស្រូបយកឧស្ម័នកាបូនិច និងបានបញ្ចេញមកវិញនូវអុកស៊ីសែន ដែលមានសារៈសំខាន់ចំពោះជីវិតនៅលើផែនដី ហើយអុកស៊ីសែនគឺជាតម្រូវការចាំបាច់ចំពោះសារពាង្គកាយមនុស្ស និងសភាវៈដែលមានជិវីតដើម្បីដកដង្ហើម ហើយព្រៃឈើស្រូបយកបរិមាណដ៏ច្រើននៃឧស្ម័នកាបូនិចដែលបញ្ចេញដោយសកម្មភាពមនុស្ស ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើងទៀតថា ការចូលរួមអនុវត្តយុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ពី ឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធាន ធម្មជាតិ និងបរិស្ថានជាការងារអាទិភាព មួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ ដែលរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់ គ្របតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកប ដោយចីរភាព, និងការលើកកម្ពស់ការទូតបៃតង។

ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌការងារទាំង៥នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែលត្រូវជំរុញក្នុងរយៈពេល១០០ថ្ងៃដំបូង រួមមាន៖ ទី១ការប្រយុទ្ធប្រឆាំងនឹងសំរាមសំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះ និងដាំកូនឈើសំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និងទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹតកាបូន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds