ខេត្តចំនួន៦ និងស្ថាប័នធំៗ ចំនួន២ ចុះ MOU ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

កំពត ៖ ​ខេត្ត​ចំនួន​៦​ទៀត រួម​មាន ខេត្តកំពត​, កែប​, ព្រះ​សីហ​នុ​, កោះកុង​, កំពង់ស្ពឺ និង​តាកែវ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បានចុះ​អនុស្សា​រណៈ យោគយល់​គ្នា (MOU) ជាមួយ​ក្រសួងបរិស្ថាន និង​បើក​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»។

ថ្លែងក្នុងយុទ្ធនាការកាត់​បន្ថយ​ការ​ប្រើប្រាស់ថង់ប្លាស្ទិក និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយ​រដ្ឋ​បា​ល​ខេត្តចំនួន៦ និងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធ យុវជនកម្ពុជា នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា យុទ្ធនាការនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយ​​របស់​រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា​ និងយុទ្ធសាស្ត្រ បញ្ចកោណ ​ដំណាក់កាលទី១ ពី​ឆ្នាំ​២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ ទុកការកែទម្រង់ការគ្រប់គ្រងធនធាន​ធម្មជាតិ​និងបរិស្ថាន ជា​ការ​​ងារ​​​អាទិភាព​មួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវ​ក្រប​ខណ្ឌ​​​ការងារ​​របស់​ក្រសួង​បរិស្ថាន។

លោកបណ្ឌិតបន្ថែមថា ការងាក្រប​ខណ្ឌ​​​ការងារ​​របស់​ក្រសួង​បរិស្ថាន ចំនួន៥ រួមមាន៖ ការ​កាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់​គ្រង​តំបន់​ការ​ពារ​ធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការ​ប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ចីរភាព, និងការ​លើកកម្ពស់ការទូតបៃតង។ ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌ ការងារទាំង​៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញ​ក្នុង​រយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជា​សំខាន់ គឺជំរុញការបណ្តុះ​និង​ដាំ​កូន​ឈើ សំដៅ​បង្កើនគម្រប​ព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និង​លើក​​កម្ពស់​ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហ​គមន៍ចីរភាពនិង​អព្យាក្រឹត្យកាបូន។

ដោយឡែកលោកនៃ គង់ អភិបាលរងខេត្តកំពត បានអោយដឹងថា សម្រាប់ខេត្តកំពតដែលមានសាលារៀនសរុបចំនួន ៤៣៨សាលា មានលោកគ្រូ អ្នកគ្រូ សរុបចំនួនជិត៦ពាន់នាក់ និងសិស្សា​នុសិស្សសរុប​ចំនួនជាង ១៣ម៉ឺននាក់ បាននឹងកំពុងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះជាប្រចាំ ដោយបានស្រែកប្តេជ្ញាថា «ថ្ងៃនេះ ខ្ញុំមិន​ប្រើ​ថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង«លាហើយប្លាស្ទិក» គិតត្រឹមពេលនេះបានចំនួនជាង ២០០០លើក ស្មើនឹងអ្នកចូលរួមសរុបជិត៦០ម៉ឺននាក់។ លោកថា យុទ្ធនាការនេះពិតជាមានសារៈសំខាន់ និងបានបំផុសនៅចលនាចូលរួមរបស់ក្មេងៗជំនាន់ក្រោយឱ្យមានការយល់ដឹង និងអនុវត្ត ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក។

លោកថា ដោយសារតែកំណើននៃការផលិត ចែកចាយ ប្រើប្រាស់ និងបោះចោល មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កឱ្យពិភពលោកមានការព្រួយបារម្ភចំពោះបញ្ហានេះ ថ្វីត្បិតតែប្លាស្ទិកផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដល់មនុស្សមែន​តែវាក៏មានគុណវិបត្តិជាច្រើននៅពេលក្លាយជាសំណល់ដោយសារវាត្រូវការរយៈពេលរាប់រយពាន់ឆ្នាំទើបពុកផុយជាពិសេសប្លាស្ទិកចុងក្រោយបានហូរចូលទៅក្នុងទឹកសមុទ្រដែលធ្វើឱ្យប៉ះពាល់ជីវចម្រុះ ធនធានធម្មជាតិ និងគុណភាពទឹក។ ដោយសារមើលឃើញពីផលវិបាកទាំងអស់នេះ រដ្ឋបាលខេត្តកំពតសូមគាំទ្រ និងលើកទឹកចិត្ត នូវសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក ខ្ញុំសូមស្នើដល់សាលារៀន សហគមន៍ រោងចក្រ សហគ្រាស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួម និងបន្តចូលរួមអនុវត្តយុទ្ធនាការនេះជាប្រចាំ ដើម្បីបរិស្ថានកម្ពុជាយើង។

សូម​បញ្ជាក់​ថា បើ​បូក​រួម​ជាមួយ​ខេត្ត​ចំនួន ៦​ទៀត គ្រោង​នឹង​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា ជាមួយ​ក្រសួងបរិស្ថាន ស្តី​ពី​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ គឺ​មាន​ខេត្ត​ចំនួន ១៣​ហើយ មាន​ដូច​ជា ៖ ខេត្តកំពង់ឆ្នាំង​, កណ្តាល​, ពោធិ៍សាត់​, ក្រចេះ​, ស្ទឹង​ត្រែង​, រតនគិរី​, មណ្ឌលគិរី​, កំពត​, កែប​, ព្រះ​សីហ​នុ​, កោះកុង​, កំពង់ស្ពឺ និង​តាកែវ​។ ដោយឡែក ស្ថាប័ន​ធំ​ៗ ចំនួន​៥​ហើយ ដែល​បាន​និង​កំពុង​គ្រោង​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួងបរិស្ថាន​ផង​ដែរ រួម​មាន កាកបាទក្រហមកម្ពុជា កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP), អង្គការ​ស្បៀងអាហារ​ពិភពលោក (UNFAO), សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)៕ May be an image of 13 people and textMay be an image of 13 people, dais and textMay be an image of 2 people, crowd and textMay be an image of 6 people and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds