សម្ដេចធិបតីហ៊ុន ម៉ាណែត៖កម្ពុជាពុំមានសាសនាប្រកាន់និន្នាការជ្រុលនិយមនោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបញ្ជាក់ថា៖ បច្ចុប្បន្ននៅកម្ពុជាពុំមានសាសនាណាដែលប្រកាន់និន្នាការជ្រុលនិយម ដែលធ្វើឱ្យមានជម្លោះក្នុងជំនឿសាសនានោះទេ ទោះបីសាសនានីមួយៗមាននិកាយខុសៗគ្នាក៏ដោយ។ ការថ្លែងបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

ជាមួយគ្នា សម្ដេចធិបតីថ្លែងបន្ថែមថា៖ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បូករួមទាំងការចូលរួមពីសហគមន៍នឹងចូលរួមក្នុងការជួយទប់ស្កាត់ និងលុបបំបាត់នូវការប្រកាន់នយោបាយ ឬការប្រកាន់និន្នាការជ្រុលនិយមកុំឱ្យកើតមាននៅលើទឹកដីកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព និងសុខដុមរមនានៅក្នុងសង្គម។

គួរឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកាន់ព្រះពុទ្ធសាសនាមានប្រមាណជាង៩៥ភាគរយ។ ក្រៅពីសាសនាព្រះពុទ្ធ ក្នុងនោះក៏មានសាសនាផ្សេងទៀតដែលប្រជាពលរដ្ឋមួយចំនួនក្នុងប្រទេសកម្ពុជាគោរពបូជាផងដែរ មានដូចជា៖ សាសនាគ្រឹស្ត ឥស្លាម ជំនឿលើអារក្សអ្នកតា និងសាសនាមួយចំនួនទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងធម្មការនិងសាសនា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds