ខេត្តភាគឦសានចំនួន ៤ បន្ថែមទៀត ចុះMOUជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
ខេត្តក្រចេះ៖ ក្រសួងបរិស្ថានបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលខេត្តចំនួន ៤ បន្ថែមទៀតនៅតំបន់ភាគឱសានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) នេះបានធ្វើឡើងក្នុងពិធីបើក មហាស្រពសិល្បៈបុណ្យភូមិមានជើង រួមគ្នាដើម្បីទិវាកុមារពិភពលោក, យុទ្ធនាការ” កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក” ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នាសាលមហាស្រព ខេត្ត ក្រចេះ ។ សម្រាប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តចំនួន ៤ នេះរួមមានដូចជា៖ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តក្រចេះ, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តរតនគិរី, ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ថានាកន្លងមកនេះក្រសួងបរិស្ថានបានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន៤ខេត្តរួចមកហើយក្នុងនេះដូចជា ខេត្តកំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ និងកាកបាតក្រហមកម្ពុជា។ សម្រាប់នាពេលនេះដែរក្រសួងបរិស្ថានបានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយខេត្តតំបន់ភាគឦសានចំនួន ៤ ខេត្តបន្ថែមទៀតក្នុងនេះរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្រោមប្រធានបទយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក»។
លោក ជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែក្នុងពិធីនេះថាពិធីចុះអនុស្សារណៈគ្នារវាងរដ្ឋលបាលខេត្តទាំង៤នាខណៈពេលនេះគឺជាផ្នែកមួយយ៉ាងសំខាន់បន្ថែមទៀតក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកនិងស្មារតីនៃពិធីចុះអនុស្សារណៈនេះក៏នឹងជួយដល់ការផ្សព្វផ្សាយដល់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីមូលដ្ឋាន និងសាធារណៈជនក្នុងការចូលរួមកាត់បន្ថយប្លាស្ទិកក្នុងប្រទេសកម្ពុជាសំដៅធ្វើយ៉ាងណានៅថ្ងៃខាងប្រទេសកម្ពុជាលែងមានប្លាស្ទិក ជួយដល់បរិស្ថានស្អាត ជួយឱ្យកុមារមានសុខភាពល្អ និងពិសេសជួយក្នុងការទាក់ទាញវិស័យទេសចរណ៍បន្ថែមទៀតនៅកម្ពុជា។
លោកជំទាវ រដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា”ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក បាននិងកំពុងបង្កហានីភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថានគួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។ ក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និង ភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាពនិងអព្យាក្រឹត្យកាបូន។
គួរបញ្ជាក់ថាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាកន្លងមកបានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឲ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។ ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី១ កញ្ញា រហូតមកដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ផ្ទាល់សរុបចំនួនជាង ២លាន ៧សែននាក់៕