បណ្ឌិត ចន ណារិទ្ធ៖ យុវជនដែលគ្រួសារមានបណ្ណសមធម៌ នឹងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុង១ខែ
ភ្នំពេញ៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានអោយដឹងថា យុវជនអាយុចាប់ពី១៥ឆ្នាំឡើង ដែលមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នឹងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមិនបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង១ខែ។
លោកបណ្ឌិត ចន ណារិទ្ធ បន្ថែមថា បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារងាយរងហានិភ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣, យុវជនដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង ប្រមាណ ១លាន ៥សែននាក់ មកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស នឹងអាចទទួលបានការអភិវឌ្ឍជំនាញ និង ឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការផ្តល់ការបណ្តុះបណ្តាលដោយមិនបង់ថ្លៃសិក្សា ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ២៨០ ០០០ រៀលក្នុងមួយខែសិក្សា សម្រាប់រយៈពេល ៤ខែ។ កម្មវិធីនេះ ក៏នឹងផ្តល់ការបណ្តុះបណ្តាល “ជំនាញវិជ្ជាជីវៈដូនតា” ក្រោមសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ។
លោកបណ្ឌិតបានបន្ត ដើម្បីអាចអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីជំនួយសង្គមខាងលើ, រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៣២៩ អនក្រ.បក ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
សូមជម្រាបជូនថាកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ជាកម្មវិធីគោលនយោបាយអាទិភាពទី២ ដែលត្រូវដាក់ឱ្យអនុវត្តមុនដំណាច់ឆ្នាំ២០២៣ តាមការសន្យានាពេលកន្លងមក និងក៏មានកំណត់ផងដែរនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា៕