ក្រសួងបរិស្ថាន ដាក់សម្ពោធយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នសូន្យ ២០៥០
ភ្នំពេញ៖ ដូចការគ្រោងទុកនៅរសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ស្របពេលជាមួយនឹងការដាក់ចេញយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នសូន្យ ២០៥០។
ថ្លែងក្នុងឱកាសនោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងថា “នាវាបរិស្ថានផ្តើមចេញដំណើរហើយ ដោយមានបំពាក់នូវផែនទីចង្អុលផ្លូវ គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់យើងទាំងអស់គ្នា នឹងទទួលបានប្រសិទ្ធិភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅ សម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងភាពស្អាត ភាពបៃតង និងចីរភាព នៃមុំ៣សំខាន់របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ឈរលើភាពស្អាត ដោយផ្តើមចេញពីការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ដោយបេះដូងធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ហើយភាពស្អាតទាំងក្នុងនិងក្រៅរបស់យើងនេះ ប្រៀបដូចជាស្នាមញញឹមស្រស់ស្អាតបំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមកទស្សនាប្រទេសរបស់យើង ។
ជាមួយគ្នានេះ ភាពស្អាតរបស់យើង បានកំពុងធ្វើរួចហើយនៅលើគោក គឺតាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងបន្តទៅយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នសូន្យ២០៥០ នៅលើអាកាស ហើយនឹងបន្តទៅការសម្អាតនៅក្នុងទឹកជាបន្តទៀត ដើម្បីកម្ពុជាស្អាត៕