យុទ្ធសាស្រ្តចក្រក្រានឹងលើកកម្ពស់បរិស្ថានកម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខឱ្យរឹតតែមានភាពរីកចម្រើន
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា យុទ្ធសាស្រ្តចក្រក្រានឹងលើកកម្ពស់បរិស្ថានកម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខឱ្យរឹតតែមានភាពរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រិតកម្មបរិស្ថានកិច្ចដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតងឱ្យរឹតតែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើ ជាផ្លូវការយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ និងយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ និងការបញេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០នៅកម្ពុជានៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា៖យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្តោតសំខាន់លើកម្លាំងបង្វិល៣ធំៗ គឺ (១) គោលនយោបាយ (២) រដ្ឋបាលឌីជីថល និង (៣) ការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកថា នៅក្នុងយុទ្ធសាស្រ្តចក្រាយើង ទី១គឺភាពស្អាត ដែលក្នុងនេះមានទាំងភាពស្អាតខាងលើមានខ្យល់ អាកាសធាតុ ភាពស្អាតផ្នែកខាងក្រោមមានដី ក្រោមដី និងផ្ទៃទឹក។ទី២ភាពបៃតងក្នុងនេះមិនត្រឹមតែបៃតងបរិស្ថានទេគឺនៅបៃតងទាំងសេដ្ឋកិច្ចផង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដែរថាក្នុងរយៈពេល៥ឆ្នាំខាងមុខទៀតតាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តចក្រាបរិស្ថាននេះកម្ពុជាអាចនឹងក្លាយជាប្រទេសមួយដ៏ស្រស់ស្អាត គ្មានសំរាម ទាំងនេះដោយសារការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និងភាគីពាក់ព័ន្ធបានចូលរួម។ តាមរយៈយុទ្ធសាស្រ្តនេះវានឹងជួយទាក់ទាញដល់វិស័យទេសចរណ៍និងរួមទាំងការឈានទៅមុខលើវិស័យសេដ្ឋកិច្ច៕