គម្រោងទីក្រុងរណប«កោះនរា»របស់អ្នកឧកញ៉ាពុង ឃាវសែចំណាយជាង៣០០លានដុល្លារ
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា គម្រោងទីក្រុងរណប «កោះនរា» អាចនឹងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ខណៈការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូង រហូតមកដល់ពេលនេះអស់ជាង ៣០០លានដុល្លារហើយ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា ពុង ឃាវសែ អញ្ជើញចូលរួមក្នុងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ «ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១» ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់ពីដំបូងរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង ៣០០លានដុល្លាររួចមកហើយ និងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីឲ្យគម្រោងទីក្រុងរណបកោះនរានេះ អាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខ មិនរាប់បញ្ចូលការសាងសង់អគារ»។
ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា ការចាប់ផ្តើមសាងសង់ទីក្រុងរណបកោះនរា និងស្ពានទាំង២នេះ គឺស្របពេលគ្នានៃការរីករាលដាលនៃជំងឺ (COVID-19) ដែលជាពេលមានផល ប៉ះពាល់យ៉ាងខ្លាំង ដល់គ្រប់វិស័យទូទាំងពិភពលោក ក្នុងនោះក៏មានវិស័យសាងសង់ផងដែរ។ តែដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ជាពិសេស ក្រោមការដឹកនាំដ៏ច្បាស់លាស់ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ លើវិធានការគ្រប់គ្រង ទប់ស្កាត់នៃជំងឺ COVID-19 ដ៏ល្អបំផុត និងយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទូទៅ និងកម្មករបានទាន់ពេលវេលា បានធ្វើឲ្យការ សាងសង់នានា លើគម្រោងអភិវឌ្ឍទីក្រុងរណបកោះនរា អាចប្រព្រឹត្តទៅតាម ផែនការ និងជាពិសេស ការសាងសង់ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរានេះ អាចសម្រេចបានមុន ផែនការដែលបានគ្រោងទុកថែមទៀត៕