ចាប់បានសត្វរស់ជាង៣ពាន់ក្បាលនិងសាច់គ្រួចជាង៣តោនដែលនាំចូលខុសច្បាប់មកពីវៀតណាម
ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង បង្រ្កាបបទល្មើសនាំចូលសត្វរស់ និងសាច់សត្វខុសច្បាប់ចំនួន៣ករណីផ្សេងគ្នា ដោយបានឃាត់ចាប់រថយន្តចំនួន៣គ្រឿង។
រថយន្តល្មើសច្បាប់ទាំង៣គ្រឿងរួមមាន៖ រថយន្តទី១.ម៉ាកHYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២តោន ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន ៣,៦០០គីឡូក្រាមឬស្មើជាង៣តោន នាំចូលមកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ចាប់ត្រង់ចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រថយន្តទី២.ម៉ាកHYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣តោនកន្លះ ពាក់ស្លាកលេខព្រៃវែង ៣A-១០៧១ ដឹកសត្វទារស់ចំនួន ២,០០០ក្បាល នាំចូលមកពីប្រទេសវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ចាប់បាននៅត្រង់ចំណុចឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ចំណែករថយន្តទី៣.ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុច៣តោនកន្លះ ពាក់ស្លាកលេខកំពត ៣A-១៨៨២ ដឹកសត្វមាន់កូរ៉េនិងទន្សាយរស់ចំនួន ១,២៥១ក្បាល នាំចូលមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចឃាត់ចាប់បានត្រង់ចំណុចស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បច្ចុប្បន្នក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បាននាំយកវត្ថតាងដែលរួមមាន៖ សាច់សត្វគ្រួចសរុបចំនួន៣,៦០០គីឡូក្រាម(៣,៦តោន) សត្វទារស់ចំនួន២,០០០ក្បាល សត្វមាន់កូរ៉េនិងទន្សាយរស់ចំនួន១,២៥១ក្បាល និងរថយន្តល្មើសច្បាប់ទាំង៣គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕