សហភាពអឺរ៉ុប និងអង្គការFAO គាំទ្រការកែលម្អកម្មវិធីសិក្សាផ្នែកជលផលរបស់សាកលវិទ្យាល័យ

ខេត្តសៀមរាប៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាល ជលផល (FiA) បានរៀបចំសិក្ខាសាលា ស្តីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាប័ត្រវិទ្យាសាស្ត្រជលផលជាបន្តបន្ទាប់ ជាមួយសាកលវិទ្យាល័យចំនួន៤ ដើម្បីកែលម្អការអប់រំផ្នែកជលផលនៅកម្ពុជា។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ ក្រៅពីការពង្រឹងសមត្ថភាពស្ថាប័នលើការអប់រំផ្នែកជលផល កម្មវិធីនេះក៏នឹងធានាបានថានិស្សិតដែលសិក្សានៅសាកលវិទ្យាល័យត្រូវទទួលបានចំណេះដឹង ជំនាញ ក៏ដូចជាសមត្ថភាពដែលសមស្របបំផុតទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

លោក Eric Baran អ្នក​ជំនាញ​ស្រាវជ្រាវ​ជលផល​អន្តរជាតិ​នៃ​អង្គការ FAO កម្ពុជា បានអោយដឹងថា“យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយ   ពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើនក្នុងវិស័យជលផល”​ ។

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង
ជលផលក្នុងប្រទេស ដោយបង្កើតឱ្យមានជំនាញវិជ្ជាជីវៈសម្រាប់យុវវ័យដែលអាចដោះស្រាយបញ្ហាប្រឈមនានាក្នុង
វិស័យជលផល។ សាកល​វិទ្យាល័យដែលចូលរួមសិក្ខាសាលានេះមានចំនួន៤ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម, វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប, វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម និង​សាកលវិទ្យាល័យ​ក្រចេះ។

អង្គការ FAO ក៏កំពុងគាំទ្រកម្មវិធីការផ្លាស់ប្តូរបទពិសោធរវាងរដ្ឋបាលជលផល និងសាកលវិទ្យាល័យទាំងបួនផងដែរ ដោយបញ្ជូននិស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រឆ្នាំទី៤ ទៅហាត់ការនៅខណ្ឌរដ្ឋបាលជលផលចំនួន២០ខេត្តក្រុងទូទាំងប្រទេស។ ស​ហភាពអឺរ៉ុប (EU) ផ្តល់មូលនិធិ ជួយកែលម្អកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន
(ផ្នែកនេសាទ) ដែលកំពុងអនុវត្តចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងសម្រាប់ការគ្រប់គ្រងជលផល ដែលរួមបញ្ចូលទាំងការគាំទ្រដល់សកម្មភាពសិក្សាស្រាវជ្រាវដែលជាអាទិភាពផងដែរ៕May be an image of 1 person, dais and text that says 'KHEMARA ANGKOR HOTEL & SPA'May be an image of 11 people, table, lighting and daisMay be an image of 10 people and people studying

May be an image of 10 people and textMay be an image of 6 people, people studying and table

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds