ក្រសួងបរិស្ថានកំពុងអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចំពេលសកលលោកកំពុងផ្តួចផ្តើមគំនិតដោះស្រាយការបំពុលដោយប្លាស្ទិក

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា បន្តពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តវិធានការជាក់ស្តែង តាមរយៈការដាក់ឲ្យប្រើប្រាស់ធុងសំរាម ដាច់ដោយឡែក នៅតាមសាលារៀន និងលើកទឹកចិត្តសិស្សានុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាម ធ្វើជាជីកំប៉ុស។ វិធានការដ៏ចំបងនេះ បានកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្តួចផ្តើម ជាសកល របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិក។

វិធានការទាំងនេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ និងដោះស្រាយបញ្ហាឫសគល់នៃការបំពុលប្លាស្ទិក តាមរយៈការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់ឲ្យមានប្រសិទ្ធភាព។ កម្ពុជាបានធ្វើការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតឡើងជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានការចូលរួមយ៉ាងផុសផុលពីមហាជនទូទាំងប្រទេស ។ កន្លងមកនេះ បញ្ហាបំពុលប្លាស្ទិកកំពុងដោះស្រាក្នុងកម្រិតសកល ដែលគ្រប់ប្រទេសជាសមាជិកអង្គការសហប្រជាជតិ ចូលរួមចរចារបង្កើតច្បុាប់សកលមួយដើម្បីដោះស្រាយបញ្ហានេះ រួមទាំងការកាត់បន្ថយការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្លាស្ទិកឲ្យមានប្រសិទ្ធភាព។

គំនិតផ្តួចផ្តើមរបស់កម្ពុជាផ្តល់នូវឧទាហរណ៍ជាក់ស្តែងមួយក្នុងការដោះស្រាយបញ្ហាស្នូលនៅកម្រិតមូលដ្ឋាន ហើយជាការរួមចំណែកនៅក្នុងការពិភាក្សាជាសកលស្តីពីការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់កម្ពុជា មិនត្រឹមតែផ្តល់នូវទស្សនវិស័យប្លែកពីសកម្មភាពបរិស្ថានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពេញបន្ថែមយ៉ាងសកម្ម នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសក្នុងករណីដែលមិនទាន់មានកិច្ចព្រមព្រៀងជាសកល ត្រូវបានបង្កើតឡើងនៅឡើយ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំឡើងក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” បានទទួលការចូលរួមដ៏គួរឱ្យកត់សម្គាល់ ពីសាលារៀនទូទាំងប្រទេសសរុប ចំនួន 5,808 សាលា គ្រូបង្រៀនចំនួន 191,183 នាក់ និងសិស្សានុសិស្ស ចំនួន 2,439,539 នាក់ សរុបចំនួន 2,655,231 នាក់ គិតត្រឹមថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2023 ។ ដូចនេះប្រជាពលរដ្ឋ ចំនួន 15.61% បានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជារួមប្រជាពលរដ្ឋសរុបប្រមាណ៥០% នៅទូទាំងប្រទេសបានចូលរួមយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស្ទិកទេ” ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ។

ការចូលរួមដ៏សកម្មរបស់កម្ពុជានាពេលនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវគំរូសកម្មភាពដ៏ល្អមួយ ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត នៅទូទាំងពិភពលោក ដោយបង្ហាញពីគំនិតផ្តួចផ្តើមដែលអាចកៀរគរមនុស្សនៅតាមសហគមន៍ សាលារៀន និងបុគ្គលនានា ឲ្យមានការបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកយ៉ាងទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds