អង្ករសែនក្រអូបកម្ពុជាឈ្នះពានរង្វាន់មាសលើផ្នែកគុណភាពនិងរសជាតិនៅចិន

(ប្រទេសចិន)៖ អង្ករម៉ាកសមូហភាពSKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣នេះ បានឈ្នះពាន់រង្វាន់មាសនៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ដែលកម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្រ្តស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តក្វាងស៊ី(Guangxi)  និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វ័យត Guangxi Zhuang របស់ប្រទេសចិននាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ជាការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន៦១ ដែលក្នុងនោះមានសំណាកអង្ករ១២ប្រភេទមកពីបណ្ដាប្រទេសអាស៊ានចំនួន៥ប្រទេស និងចំនួន៤៩ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះផលិតស្រូវនៅប្រទេសចិន។

អង្ករម៉ាកសមូហភាពSKO ដែលមានពូជស្រូវឈ្មោះសែនក្រអូព ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងៗទៀត។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ឱ្យខិតខំបន្តការងារដាំដុះដែលប្រកបដោយគុណភាពបន្តទៀត ដើម្បីជួយតម្លៃអង្ករសែនក្រអូបកាន់តែទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។

Workers preparing rice for export. KT/Chor Sokunthea

ពូជស្រូវសែនក្រអូបជាពូជស្រូវមិនប្រកាន់រដូវ ដែលត្រូវបានដាំដុះដោយប្រជាកសិករតាំងពីពាក់កណ្ដាលទស្សវត្ស៩០មក ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ។ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា និងស្ថាប័នពាក់ព័ន្ធ បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់។ ក្រោយឆ្លងកាត់ការសិក្សា និងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្រ្តស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រិតសម្រាំងរហូតទទួលបានពូជស្រូវសែក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ដែលមានឈ្មោះថា ពូជស្រូវសែនក្រអូប០១៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds