សមត្ថកិច្ចរកឃើញនិងដកហូតសាច់បង្កកជាង៣,៥តោននៅឃ្លាំងស្ដុកសាច់បង្កកមួយកន្លែង
(រាជធានីភ្នំពេញ)៖ ក្រោយពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះ លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនោះមន្រ្តីជំនាញ ក.ប.ប. បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម(៣,៥តោន) ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោ។ រីឯម្ចាស់ទីតាំងត្រូវបានអញ្ជើញឱ្យចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. តាមនីតិវិធី៕