KKIF ប្រកាសពីភាពជោគជ័យនៃកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ ជាមួយក្តីសង្ឃឹមថានឹងមានការគាំទ្រកាន់តែខ្លាំងបន្ថែមទៀត

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រដាល់ «អាណាចក្រថ្នាលគុនខ្មែរ» លើកដំបូង ដែលរៀបចំដោយក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF នៅថ្ងៃដំបូងទទួលបានការគាំទ្រច្រើន ខណៈអ្នករៀបចំលោកឧកញា ស្រី ចាន់ថន សង្ឃឹមថាអ្នកគាំទ្រនឹងគាំទ្របន្តទៀត។

ថ្លែងក្នុងពីធីបើកដំណើរការនៅសង្វៀនអាណាចក្រថ្នាល់គុនខ្មែរ កាលពី​ថ្ងៃទី​២៧ ខែ​តុលា លោកឧកញ៉ាស្រី ចាន់ថន ប្រធានក្លឹបគុនខ្មែរអន្តរជាតិ បាន​អះ​អាងនៅ​ក្នុងថា ការ​ប្រកួតនៅសង្វៀនអាណាចក្រថ្នាល់គុនខ្មែរនេះ ជា​ការ​បើក​ទំព័រ​សក​រាជ​ថ្មី​មួយ​ទៀតក្នុង​ការ​ផ្សព្វ​ផ្សាយ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរឱ្យ​កាន់តែ​ទូលំ​ទូលាយ ​ជាពិសេស​ពង្រឹង​ថ្នាក់​ថ្នាល​ជំនាន់​ក្រោយ ​ដែល​ជា​អ្នក​បន្ត​វេនទៅ​ថ្ងៃ​អនា​គត​។​

លោកបន្ថែមថា «​ការ​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​ជំនាន់​ក្រោយ ​ដែល​ជា​អ្នក​បន្ត​វេនឱ្យ​ចូលរួម​ថែរក្សា​ក្បាច់​គុន​បុរាណ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ ​ហើយ​តាម​រយៈ​ការ​ប្រកួត​នេះ ក៏​ជាការ​បណ្តុះ​ធន​ធាន​កីឡា​ករ​គុន​ខ្មែរ​យើង​ថ្មី​មួយ​ទៀត ​ដើម្បី​លើក​កម្ពស់​ និង​ផ្សព្វ​ផ្សាយ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​បាន​ទូលំទូ​លាយនិង​ល្បី​ល្បាញនៅលើ​ឆាក​អន្តរ​ជាតិ និង​ពិភព​លោកនា​ពេល​ខាង​មុខ​ ផង​ដែរ​»​។​

ក្រៅពីនេះលោកបានសរសេរ នៅក្នុងទំព័រហ្វេសបុករបស់លោកថា «សម្រាប់កម្មវិធីអាណាចក្រថ្នាលគុនខ្មែររបស់យើង គឺបានចាប់ផ្ដើមជាលើកទីមួយ ហើយជាលើកដំបូងសង្ឃឹមថាពុកម៉ែបងប្អូនចូលរួមនិងគាំទ្របន្តទៀត ហើយក៏សូមអធ្យាស្រ័យផងដែរសម្រាប់ការខ្វះខាតបញ្ហាផ្សេងៗ ក៏ដូចជាបញ្ហាបច្ចេកទេសណាមួយហើយក្រុមការងាររបស់ខ្ញុំបាទ និងកែតម្រូវឱ្យបានល្អជាងមុននៅកម្មវិធីបន្ទាប់ថ្ងៃសុក្រសប្តាហ៍ក្រោយនេះ»

​នៅក្នុងឱកាសនោះផងដែរ ​លោក​ តែម ម៉ឺន ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរបានអោយដឹងដែរថា ការ​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​អាណាចក្រថ្នាលគុនខ្មែរ​នេះ​ ​គឺ​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​វែងរ​បស់​សហ​ព័ន្ធក្នុងការ​បណ្តុះ​ថ្នាក់​ថ្នាល​ជំនាន់​ក្រោយ សម្រាប់​បន្ត​វេន​ប្រដាល់​គុន​ខ្មែរ​របស់​យើង​។​

​លោក​តែម ​ម៉ឺន បាន​ថ្លែងថា​ «​យើង​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ក្នុងការ​បណ្តុះ​បណ្តាល​ថ្នាល​ជំនាន់​ក្រោយ​ គឺ​យើង​ជំរុញ​ដល់​ការ​លើក​កម្ពស់​សមត្ថ​ភាព និង​គុណ​ភាព ដើម្បី​ឱ្យ​ពួក​គេក្លាយ​ជា​ថ្នាល​បន្តវេន​គុន​ខ្មែរ​ជំនួស​រៀម​ច្បង​ជំនាន់​មុន​ៗដែល​ចេះ​តែ​មាន​អាយុ​ច្រើន​ទៅៗ ​ហើយ​ការ​ប្រកួត​នេះ ក៏​ដើម្បី​ផ្សព្វ​ផ្សាយ ​និង​រក្សា​ទំនៀម​ទម្លាប់ កេរ​ដំណែល ​វប្បធម៌​ប្រពៃណី​​នៃ​សិល្បៈ​ក្បាច់គុ​ន​បុរាណ​ខ្មែរ​របស់​យើង​ឱ្យបាន​គង់​វង្ស​ផង​ដែរ​»

សូមបញ្ជាក់ផងដែរថា ព្រឹត្តិ​ការណ៍​ប្រដាល់​អាណាចក្រថ្នាល់គុនខ្មែរ ត្រូវ​បាន​បង្កើត​ឱ្យ​មានជា​ផ្លូវ​ការ​នៅលើ​សង្វៀន​នៃក្លឹបប្រដាល់​កម្រឹតអន្តរជាតិ KKIF ក្រោម​កិច្ច​សហ​ការ​ជាមួយ​សហ​ព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ហើយ​កម្ម​វិធី​ដ៏​ថ្មី​សន្លាង​នេះ ​បាន​ផ្តោត​សំខាន់​លើ​ការ​បណ្តុះ​បណ្តាល​ថ្នាលអ្នក​ជំនាន់​ក្រោយ ​ដើម្បីឱ្យ​ក្លាយ​ទៅ​ជា​អ្នក​បន្ត​វេន​គុន​ខ្មែរនា​ថ្ងៃ​អនា​គត ប្រកប​ដោយ​សមត្ថ​ភាព និង​គុណ​ភាព​ខ្ពស់​៕អាចជារូបភាពនៃ 5 នាក់ និង អត្ថបទអាចជារូបភាពនៃ 6 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 3 នាក់, ប​ន្ទប់ផ្សាយព័ត៌មាន, ជើងតម្កល់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds