វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងបរិស្ថាន បន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិភាក្សាការងារ ដើម្បីបន្តកិច្ចសហការលើកកម្ពស់បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ។
ថ្លែងក្នុងឱកាស ចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ អេនដ្រេ ស្ពីហ្គែល Andre SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអោយដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិ ដើម្បីអនុវត្តសកម្មភាពវិទ្យាសាស្ត្រដែលពាក់ព័ន្ធនឹងសត្វព្រៃ បរិស្ថានវិទ្យា ការស្រាវជ្រាវ និងតាមដានជំងឺសត្វ សុវត្ថិភាពចំណីអាហារ និងភាពស៊ាំថ្នាំសំលាប់មេរោគ ដែលអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកលោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងកិច្ចសហការកន្លងមកលើវិស័យសុខភាពសាធារណៈដោយបានរួមចំណែកលើការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិនិត្យលើការការពារសុខមាលភាពរបស់មន្រ្តីឧទ្យានុរក្ស ដើម្បីកិច្ចការពារបរិស្ថាន។
គួររម្លឹកជូនថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣ គឺជាស្ថាប័នស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា (MoH) ដែលមានមន្ទីរពិសោធន៍របស់ IPC សម្រាប់ការសិក្សា ឬការស្រាវជ្រាវទាំងឡាយណា ដែលពាក់ព័ន្ធនឹងការការពារជំងឺ និងការការពារសុខភាពសាធារណៈ៕