មន្ត្រី៖ មិនមានករណីលួចធ្វើផ្លូវចូលតំបន់ព្រៃឡង់ ដូចការចុះផ្សាយនោះទេ
ក្រចេះ ស្ទឹងត្រែង៖ ចុះផ្សាយតាមបណ្តាញព័ត៌មានមួយចំនួនថាមានករណីលួចធ្វើផ្លូវចូលតំបន់ព្រៃឡង់ ដើម្បីដឹកឈើចេញនោះ អាជ្ញាធរមូលដ្ឋានច្រានចោលចំពោះការផ្សាយនេះ។
លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានភូមិសាស្ត្រជាប់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បានឱ្យដឹងថា «មិនមានការលួចធ្វើផ្លូវចូលតំបន់ព្រៃឡង់ នោះទេ ដោយសារតែតំបន់ព្រៃនេះគ្របដណ្ដប់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងក្រចេះនេះ គឺមានក្រុមហ៊ុនវិនិយោគចំការឈើដាំរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក និងក្រុមហ៊ុនដាំដំណាំកសិកម្មមួយចំនួនទៀត។ សមត្ថកិច្ច និងក្រុមហ៊ុនបានរឹតបន្តឹងក្នុងការចេញចូលជាពិសេសការទប់ស្កាត់ការដឹកជញ្ជូន និងការកាប់បំផ្លាញធនធានធម្មជាតិឆ្លងកាត់ចំការឈើដាំ និងទីតាំងដំដាំកសិឧស្សាហកម្មមួយចំនួនទៀត»។
លោកថា «សម្រាប់ឃុំបឹងចារ របស់លោក គឺមានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ហើយពលរដ្ឋទាំងនោះភាគច្រើន កំពុងប្រកបមុខរបរកសិកម្ម និងមួយចំនួនទៀតគាត់កំពុងទទួលផលពីការងារនៅចំការឈើដាំ។ ដោយឡែកមួយចំនួនទៀត បានបន្តចេញទៅធ្វើការងារនៅរាជធានីភ្នំពេញ»។
លោកបន្ថែមថា ការចូលព្រៃកាប់ឈើ គឺលែងមានទៀតហើយ បើមានគឺមានតិចតួចណាស់មានន័យថាស្ទើរតែលែងមានតែម្តង ក្នុងចំណោម ១០០នាក់ មានត្រឹមតែម្នាក់ ឬក៏ពីរនាក់ ដែលនៅបន្តលួចលាក់មុខរបរនេះ ប៉ុន្តែ គ្រាន់តែយកទៅធ្វើសម្ភារៈនិងសម្រាប់យកទៅសាងសង់ផ្ទះតិចតួចតែប៉ុណ្ណោះ។
ដោយឡែក ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ លើកឡើងស្រៀងគ្នាថា កន្លងមកនេះសម្រាប់ភូមិសាស្ត្រព្រៃឡង់ ដែលមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងក្រចេះ គ្រប់គ្រង គឺមិនមានបបទល្មើសកាប់ទន្ទ្រានព្រៃឈើទ្រង់ទ្រាយធំនោះទេ តែជាសកម្មភាពប្រជាពលរដ្ឋគាត់កាប់ឈើសម្រាប់ធ្វើសម្ភារៈ និងលំនៅដ្ឋានតូចតាចប៉ុណ្ណោះ»។
លោកព្រមានថា «ចាប់ពីថ្ងៃទីនេះតទៅ គឺមិនមានលើកលែងនោះទេ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។ សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ បញ្ជូនទៅតុលាការចំពោះអ្នកប្រព្រឹត្តបទល្មើសទាំងនោះ។ កន្លងមកនេះមានព័ត៌មានចុះផ្សាយថាមានការលួចដឹកឈើចេញព្រៃឡង់ ប៉ុន្តែ តាមការអង្កេតមើលរូបភាពផ្លូវដែលត្រូវបានយកទៅផ្សព្វផ្សាយថាជាផ្លូវធ្វើថ្មីសម្រាប់ដឹកឈើចេញពីតំបន់ព្រៃឡង់នោះ គឺជាផ្លូវចាស់ ខ្ញុំគិតថាសម្រាប់ព័ត៌មានដែលចុះផ្សាយនេះជាព័ត៌មានមិនច្បាស់លាស់ ហើយរូបភាពនេះជារូបចាស់ មន្ទីរបានស្រាយបំភ្លឺរួចហើយកាលមុនពិធីបុណ្យចូលឆ្នាំ សកម្មភាពនេះមន្ទីរបានដាក់សំណុំរឿងទៅតុលាការហើយ»។
ក្រោយការចុះផ្សាយនេះ ប្រតិភូក្រសួងបរិស្ថាន ដែលមានការចូលរួមពីអាជ្ញាធរ សហគមន៍ និងតំណាងអង្គការដៃគូសហការ មួយចំនួន ដឹកនាំដោយឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។
សូមជម្រាបថា ដែនជម្រកសត្វព្រៃឡង់ ស្ថិនតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩,៦៦៣.០០ហិកតា៕