ជប៉ុន ស្នើដល់នគរបាលកម្ពុជារួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមអនឡាញ
ភ្នំពេញ៖ ក្នុងកិច្ចជំនួបទ្វេភាគីជាមួយ អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយករងទទួលកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន បានស្នើ សុំដល់នគរបាលកម្ពុជារួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមអនឡាញឲ្យបានសកម្ម និងទាន់ពេលវេលា បន្ថែមទៀត ខណៈបច្ចុប្បន្ននេះជនជាតិជប៉ុនរបស់លោកបានបាត់បង់ថវិការាប់ពានលានដុល្លារអាមេរិក ដោយសារតែបទល្មើសបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ Yoshimi Ogata បានថ្លែងនូវអំណរគុណនិងកោតសរសើរចំពោះនគរបាលជាតិកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ ដោយបានចាត់ទុកឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិជប៉ុន។