អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ លើកសំណើរបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា
ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានលើកឡើងពីសំណើបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះ និងអនុញ្ញាតឱ្យអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួនដែលបាននិងកំពុងដំណើរការ ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះនិងស្ទឹងត្រែង ការអភិរក្សដំរីនៅរតនគិរី និងការការពារប្រភេទពូជរុក្ខជាតិលម្អកេសរកូលជាដើម។
ភាគីទាំងពីរបានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕