ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរពហុព្យាបាល «មេត្រូ អអ៉ិលវី» ដែលពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរតម្រងនោមនៅឥណ្ឌា ខុសទៅនឹងច្បាប់
(ភ្នំពេញ)៖ ក្រោយប្រជាពលរដ្ឋខ្មែរ ១៨នាក់ ដែលមានបញ្ហាតម្រង់នោម កំពុងផុងខ្លួនដេករង់ចាំសេវាដូរតម្រង់នោមនៅប្រទេស ឥណ្ឌាអស់រាប់ខែហើយ ដោយសារតំណាងមន្ទីរពហុព្យាបាលមេត្រូប្រមូលរត់គេចខ្លួនបាត់ ពេលនេះក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទមន្ទីរពហុព្យាបាល «មេត្រូ អអ៉ិលវី»។
ការចេញសេចក្តីសម្រេចបិទ មន្ទីរពហុព្យាបាល «មេត្រូ អអ៉ិលវី» ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុមន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពី «ការគ្រប់គ្រងលើបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស»។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម ១៨នាក់ កំពុងដេកទន្ទឹងរង់ចាំសេវាព្យាបាលនៅប្រទេស ឥណ្ឌា ថា រូបគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវា ព្យាបាលជាមួយមន្ទីរ ពហុព្យាបាល «មេត្រូ អអ៉ិលវី» (Metro RLV Polyclinic) ដែលជា តំណាងរបស់មន្ទីរពេទ្យមេត្រូ របស់ប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៣។ ដើម្បីទទួលបានសេវាព្យាបាលដោយការដូរតម្រងនោមនៅប្រទេសឥណ្ឌា អ្នកជំងឺមកពីខេត្តបន្ទាយមានជ័យ ដែលសូមលាក់អត្តសញ្ញាណរូបនេះ បានបង់ប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ អាមេរិក ឱ្យទៅលោក ង៉ែត សំអូន ជាអគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ អអិលវី នៅក្នុងរាជធានីភ្នំពេញ។
អ្នកជំងឺរូបនេះ បានបន្តរៀបរាប់ថា បន្ទាប់ពីបានលុយហើយនោះ រូបលោកត្រូវបានបញ្ជូន ទៅ កាន់ប្រទេសឥណ្ឌា ដើម្បីទទួលសេវាព្យាបាល។ ក្រោយពេលទៅដល់ប្រទេសឥណ្ឌា រូបលោក មិនទទួលបានសេវាដូរតម្រងនោម ដូចអ្វីដែលមន្ទីរពហុព្យាបាលមេត្រូ បានសន្យានោះឡើយ។
អ្នកជំងឺរូបនេះ បានដេករង់ចាំសេវាដូរតម្រងនោមនៅប្រទេសឥណ្ឌាអស់រយៈពេល៧ខែមក ហើយ។ បើតាមអ្នកជំងឺរូបនេះបានឱ្យដឹងថា ការដែលរូបលោក មិនទទួលបានសេវា ដូរ តម្រង នោមនេះ ដោយសារតែលោក ង៉ែត សំអូន ដែលជាអគ្គនាយកមន្ទីរ ពហុ ព្យា បាល មេត្រូ នៅក្នុងរាជធានីភ្នំពេញ មិនបានបង់ប្រាក់ឱ្យទៅមន្ទីរពេទ្យមេត្រូវនៅក្នុងប្រទេស ឥណ្ឌា ។ នៅពេលសួរទៅតំណាងមន្ទីរពហុព្យាបាលមេត្រូនៅភ្នំពេញ គេបានអះអាងថា ក្រុម ហ៊ុន នៅ ភ្នំពេញក្ស័យធន មិនមានលុយបង់សម្រាប់ការព្យាបាលនេះឡើយ។
ពលរដ្ឋខ្មែរកំពុងមានជំងឺតម្រងនោមទាំង ១៨រូបនេះ និងកំពុងទន្ទឹងរង់ចាំឱកាសបន្តដង្ហើមជីវិតតាមរយៈការដូរតម្រងនោម បានអំពាវនាវសូមការជួយអន្តរាគមន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពួកគេគ្មានក្តីសង្ឃឹមថាលោក ង៉ែត សំអូន អគ្គនាយកមន្ទីរពហុព្យាបាលមេត្រូ នៅរាជធានីភ្នំពេញ នឹងចេញមុខដោះស្រាយនោះឡើយ៕