CMEC គ្រោងបោះទុនប្រមាណ $៣.០០០ លាន​ វិនិយោគលើវិស័យថាមពលហ្គាសនៅកម្ពុជា

ប៉េកាំង៖ ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) បានលើក​ឡើង​អំពីគ​ម្រោង​សហ​ការ​វិនិយោគ​រួម​ជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣.០០០ លានដុល្លារ​អាមេរិក​ លើវិស័យថាមពលហ្គាសនៅកម្ពុជា។

ថ្លែងក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ។

ក្នុងរយៈពេល១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។ មួយវិញទៀត ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា ហើយជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds