រយៈពេល៩ ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជិត ៣.៧ លាននាក់
សៀមរាប៖ ការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងរយៈពេល៩ ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជិត ៣.៧ លាននាក់ កើនឡើង១៦២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើង ហោះហើរចំនួន ៣៧,២០០ ជើង កើនឡើង១០២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។
ថ្លែងក្នុងពិធីបើកដំណើរការ ទទួលជើងហោះហើរលើកដំបូង នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកម៉ៅ ហាសវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានអោយដឹងថា ក្នុងដើមខែតុលា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិនិងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យម មានចលនាជើងហោះហើរចំនួន ៨៥០ជើង ក្នុងមួយសប្តាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣០ក្រុមហ៊ុន ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ដែលមកពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតា ផងដែរ។
លោកមានប្រសាសន៍ទៀតថា «ទោះបីនាពេលបច្ចុប្បន្ននេះ ចលនាជើងហោះហើរប្រចាំថ្ងៃត្រឹមតែ៣៤ ជើង ឬស្មើ៣២% នៃឆ្នាំ២០១៩ យើងនៅសង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការទាក់ទាញជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ជាពិសេសជើងហោះហើរពីប្រទេសចិន ហើយអាចវិលត្រលប់មកប្រក្រតីភាព នាពេលឆាប់ៗខាងមុខនេះ»។
លោកបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ក៏នឹងចូលរួមចំណែកផងដែរ ដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា រយៈពេលវែងប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់អាស៊ាន និងពិភពលោក។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ និងការសាងសង់ត្រូវបន្តអនុវត្ត រហូតបានចប់ជាស្ថាពរ ក្នុងរាជរដ្ឋាភិបាលនៃនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
លោកថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងតំបន់ជុំវិញនេះមិនត្រឹមតែចូលរួមទ្រទ្រង់ កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមិទ្ធផលមួយយ៉ាងសំខាន់ដែល មិនអាចកាត់ថ្លៃបាន ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ និងសកល, ជាពិសេសលើកកម្ពស់ទាក់ទាញនៃវិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជា មួយកម្រិតទៀតផងដែរ។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនកិច្ចខំប្រឹងប្រែងក្នុងការពន្លឿន ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធនានា ដើម្បីចាប់យកឱកាស និងប្រើប្រាស់ឱ្យអស់សក្តានុពលនៃវិស័យទេសចរណ៍ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕