មនុស្សជិត៣សែននាក់នៅខេត្តកំពត បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រថង់ប្លាស្ទិកទេ»
គិតតត្រឹមថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៣ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមជាមួយមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចំនួន២៨៣,៥១៤នាក់ មកពីគ្រឹះស្ថានសិក្សាចមណេះទូទៅសាធារណៈ ៣៤៧ កន្លែង សាលារៀនឯកជន១កន្លែង ក្រុមហ៊ុននិងសហគមន៍ប្រជាពលរដ្ឋចំនួន៤ កន្លែង បានចូលរូមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
យោងតាមរបាយការណ៍មន្ទីរបរិស្ថានខេត្តកំពត គ្រឹះស្ថានចំណេះទូទៅសាធារណៈ រួមមានវិទ្យាល័យចំនួន២៣ អនុវិទ្យាល័យ ៦៤ សាលាបឋមសិក្សា ចំនួន ២៥៧ មតេ្តយ្យសិក្សាចំនួន១ សាលា ដែលក្នុងនោះមានសិស្សនុសិស្ស ចំនួន ប្រមាណ១១ម៉ឺននាក់ និងគ្រូបង្រៀន ចំនួន៤៨០៧ នាក់ នៅក្នុងក្រុងកពត និងស្រុកនានាទូទាំងខេត្តកំពត បានចូលរួម ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាបន្តបន្ទាប់ សរុប៩៣៥ លើក និងបានបេ្តជ្ញាចិត្ត «យើងរួមគ្នាការពារបរិស្ថានកម្ពុជា» និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។
សូមបញ្ចាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចេញពីសាលារៀនចំនួន៤៤ និងមានសិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ ចំនួនជាង ១៨,៧០០នាក់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងបានដាក់ឲ្យអនុវត្តន៏ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងបរិស្ថានបាន ដាក់ចេញនូវការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”ដោយផ្ដោតលើការអនុវត្តគោលការណ៍ស្អាត ផ្ដើមចេញពីសាលារៀន នាំឲ្យផ្ទះស្អាតនិង សហគមន៍ស្អាត ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឲ្យមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចឲ្យបានជោគជ័យប្រកបដោយ សមិទ្ធិផល និងប្រសិទ្ធភាពខ្ពស់ ដោយបានលើកទឹកចិត្ត និងសរសើរដល់សិស្ស នៅតាមសាលារៀនទាំងអស់ ឱ្យចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បី គ្មានសារធាតុពុល ដល់កម្ពុជា។
កន្លងមក ក្រសួងបរិស្ថាន បានចុះអនុស្សរណៈយោគយល់ជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកណ្តាល និងកាកបាទក្រមកម្ពុជា ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៣កន្លងទៅ។ រហូតមកទល់ពេលនេះ សិស្សានុសិស្សចំនួនជាង១លាន៥សែននាក់ មកពីសាលារៀននៅទូទាំងប្រទេស បានប្តេជ្ញាចិត្ត «យើងរួមគ្នាការពារបរិស្ថានកម្ពុជា» និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕