ក្រសួងសាធារណការនិងដឹកជញ្ជូនប្រកាសហាមប្រជាពលរដ្ឋកុំឱ្យប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសច្រានចោលចំពោះការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយ ដែលអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជា៖ មានទទួលរៀបចំឯកសារប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរស្របច្បាប់ សេវាធ្វើកាតគ្រីថ្មីចំពោះរថយន្តដែលបាត់កាតគ្រី ឡានបញ្ចាំឯកសារ ឡានរំលោះ និងចង់បានឆៀក ដោយមិនបាច់យកឡានមកឆៀក ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន។

ក្រសួងបញ្ជាក់ច្បាស់ៗថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយខាងលើនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ឱ្យចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើបោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា  និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open