គណបក្សចំនួន៤ប្រកាសចងសម្ព័ន្ធភាពគ្នាក្នុងនោះក៏មានទាំងភ្លើងទៀនផងដែរ

(រាជធានីភ្នំពេញ)៖ គណបក្សភ្លើងទៀនបានប្រកាសថានឹងចងសម្ព័ន្ធភាពជាមួយគណបក្សក្រៅរដ្ឋាភិបាលចំនួន៣ផ្សេងទៀត គឺ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។ គណបក្សភ្លើងទៀនបញ្ជាក់ថា ពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពី “ការបង្កើតសម្ព័ន្ធភាពឆ្ពោះទៅអនាគត” របស់គណបក្សក្រៅរដ្ឋាភិបាលទាំង៤នឹងធ្វើឡើងនៅវេលាម៉ោង០៩៖០០នាទីព្រឹក ថ្ងៃទី១១ ខែតុលា នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនចេញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

ក្នុងចំណោមគណបក្សនយោបាយទាំង៤ខាងលើ គឺមានតែគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយគត់ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ។ ជាលទ្ធផលក្នុងការចូលរួមការបោះឆ្នោតនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានជាង៣ម៉ឺនសំឡេង។

ចំណែកគណបក្ស៣ផ្សេងទៀត គឺមិនបានចូលរួមការបោះឆ្នោតនេះឡើយ។ ជាក់ស្ដែង សម្រាប់គណបក្សកែទម្រង់កម្ពុជា អាក់ខានមិនបានចូលរួម ដោយសារមើលឃើញថាស្ថានភាពមិនទាន់អនុគ្រោះ អាចចូលរួមប្រកួតប្រជែងឱ្យបានពេញលេញ និងយល់ឃើញថា ការចូលរួមប្រកួតប្រជែងនៅពេលនេះ អាចធ្វើឱ្យប៉ះពាល់ដល់សន្លឹកឆ្នោតជាដើម។

រីឯគណបក្សភ្លើងទៀនអាក់ខានមិនបានចូលរួមដោយសារ តែបានបាត់លិខិតច្បាប់ដើមនៃការចុះបញ្ជីគណបក្ស ខណៈគណបក្សឆន្ទៈខ្មែរដែលមានថ្នាក់ដឹកនាំប្រមាណ២០រូបមកចូលរួមជាមួយគណបក្សភ្លើងទៀនកន្លងមក ក៏មិនបានដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ដែរ។

បើងាកទៅមើលមុនពេលការបោះឆ្នោតសភាកន្លងទៅ បណ្ដាបក្សមួយចំនួន ដែលក្នុងនោះរួមមានទាំងគណបក្សខាងលើនេះដែរ បានរៀបចំចងសម្ព័ន្ធគ្នា ដើម្បីព្រួតដៃប្រកួតប្រជែងជាមួយបក្សកាន់អំណាច ប៉ុន្តែពុំទទួលលទ្ធផលជាដុំកំភួនឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds